រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីនៅខណ្ឌដង្កោ

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី ០៥ មេសា ២០១៩
ភ្នំពេញ៖រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លីចំពោះ ប្រជាពលរដ្ឋ នៅខណ្ឌដង្កោ ដោយសារត្រូវ កាត់ភ្ជាប់បណ្តាញចែកចាយទឹកថ្មី ទំហំ១១០មម និង១៦០មម នៅលើចិញ្ចើមផ្លូវលេខ១១២d-b និងផ្លូវលេខ ១១២d-a ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា ការផ្អាកផ្គត់ផ្គង់ទឹក រយៈពេលខ្លីនេះ ប្រព្រឹត្តទៅនៅយប់ថ្ងៃទី០៨ ខែមេសាឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង០៤ម៉ោង គឺចាប់ពីម៉ោង២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នារំលងអាធ្រាត នៅផ្លូវលេខ៦០d ដល់ផ្លូវលេខ៥៦d និងចាប់ពីផ្លូវលេខ៥៦d កែងនឹងផ្លូវលេខ១៣d រហូតដល់ប្លុកសិនទ្រី។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា ក្នុងអំឡុងពេលផ្អាកការផ្គត់ផ្គង់ទឹកនេះ អាចនឹងធ្វើឲ្យទឹកអន់គុណភាពមានភាពល្អក់កកក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់ពីបំពង់ទឹកថ្មីរួច។
អាស្រ័យដូចបានជម្រាប ខាងលើសូម ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាននិងទីតាំងខាងលើសូមមេត្តាយោគយល់ហើយត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី ដូចបានជម្រាបខាងលើ៕