សង្គមស៊ីវិលនិងអ្នកច្បាប់លើកឡើងថាកម្ពុជាគួរតែមានច្បាប់ឬលិខិតបទដ្ឋានគតិយុត្តិស្តីពីការកំរិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ចេម ហួត

ភ្នំពេញ៖សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធផ្នែកសង្គមសុខភាព និងអ្នកច្បាប់បានលើកលឡើងថា កម្ពុជាគួរតែមានច្បាប់​ឬលិខិតបទដ្ឋានគតិយុត្តិស្តីពីការកំរិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងឲ្យមកនៅកម្រិតទាប។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជាមានប្រសាសន៍ថា ការបង្កើតឲ្យមានច្បាប់ ឬបទដ្ឋានគតិយុត្តិស្តីពីកំរិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ និងទប់ស្កា់តការប្រើប្រាស់គ្រឿងស្រវឹង។ តាមរយៈការដាក់ទោស ឬពិន័យណាមួយដល់ស្ថាប័នក្រុម ហ៊ុន ប្រព័ន្ធផ្សព្វផ្សាយណាដែលមិនគោរពច្បាប់ឬលិខិតបទដ្ឋាននេះ។
លោកបន្តថា ក្រុមហ៊ុនគ្រឿងស្រវឹងជាច្រើនកំពុងចំណាយប្រាក់យ៉ាងច្រើនដើម្បីអូសទាញយុវជន កុមារ ស្រ្តី ក៏ដូចជាប្រជាជនទូទៅអោយសេពគ្រឿងស្រវឹងយ៉ាងងប់ងល់ តាមរយៈរង្វាន់ សាច់ប្រាក់ ឡាន ម៉ូតូ សំបុត្រយន្តហោះ ដំណើរកម្សាន្តរាប់រហូតដល់រង្វាន់ជាស្រាបៀរចាប់ពី១កំប៉ុងឡើងទៅ។
លោកបន្តថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលបង្កប់សារទាក់ទាញ និងផ្សារភ្ជាប់រង្វាន់យ៉ាងច្រើន គឺជាមូលហេតុចម្បងនាំអោយមានការសេពគ្រឿងស្រវឹងក្នុងចំនោមយុវជនប្រុសស្រីមានការកើនឡើងគួរអោយព្រួយបារម្ភ។
លោកមេធាវី កែវ សុខគា ប្រធានក្រុមមេធាវី SK&Pមានប្រសាសន៍ថា ក្នុងរដ្ឋធម្មនុញបានចែងពីការការពារសុខភាពប្រជាពលរដ្ឋ ។ ប៉ុន្តែបើទោះបីមិនទាន់មានច្បាប់ពិសេសដូចជាច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹងក្តី ក៏មិនត្រូវធ្វើសកម្មភាពឬអនុញ្ញាតឱ្យធ្វើសកម្មភាពផ្ទុយនឹងស្មារតីរដ្ឋធម្មនុញដែរ ព្រោះការជំរុញមនុស្សឱ្យប្រើគ្រឿងស្រវឹងជាការបំផ្លាញសុខភាពដោយធ្វើឱ្យមនុស្សមានជំងឺ ពិការភាព និងស្លាប់តាមមធ្យោបាយជំរុញលើកទឹកចិត្តដោយប្រយោល។”
លោកបានបន្ថែមទៀតថា “ចំពោះកុមារ និងយុវជនវិញមានច្បាប់អន្តរជាតិដែលហៅថាអនុសញ្ញាស្តីពីសិទ្ធិកុមារដាក់កាតព្វកិច្ចឱ្យរដ្ឋការពារពួកគេពីព័ត៌មានមិនសមស្រប ឬព័ត៌មានណាដែលបន្ទុចបង្អាក់ឬរួមចំណែករារាំងដល់ការលូតលាស់ផ្នែកបញ្ញា ស្មារតី និងរូបរាងកាយពួកគេ។ កន្លងមកក្រសួងព័ត៌មានធ្លាប់បានណែនាំ រួចហើយដោយតម្រូវឲ្យគ្រប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកទាំងអស់មិនត្រូវផ្សាយពាណិជ្ជគ្រឿងស្រវឹងក្នុងម៉ោងមាសនោះទេ ហើយស្ថានីយ៍ទូរទស្សន៍ទាំងអស់ក៏បានអនុវត្តន៍តាមការណែនាំនេះបានយ៉ាងត្រឹមត្រូវ៕