រាជរដ្ឋាភិបាលក្រើនរំឭកឲ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

វិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ាង ភក្តី

       ភ្នំពេញ៖    រាជរដ្ឋាភិបាល បានបានក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើនឡើង​​ខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តែងតែកើតមានក្នុងអត្រាខ្ពស់នៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗដូចជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ជាដើម។

សេចក្តីអំពាវនាវរបស់សម្តេចក្រឡាហោម បានបញ្ជាក់ថា អ្នកប្រើប្រាស់ផ្លូវតែងតែមានការធ្វេសប្រហាក់ និងមិនយកចិត្តទុកដាក់ក្នុងការបើកបរ ក្នុងឱកាសភាពសប្បាយរីករាយនេះ។ សម្តេចក្រឡាហោម បន្តថា ឱកាសដ៏សែនសប្បាយរីករាយ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា  យានយន្តធ្វើចរាចរណ៍នឹងមានកំណើនកើនឡើងខ្ពស់ខុសប្រក្រតី ដែលអាចមានកំណើនគ្រោះថ្នាក់ចរាចរណ៍ ឬ ការកកស្ទះចរាចរណ៍ដូចក្នុងពិធីបុណ្យនានាកន្លងទៅ។

សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ  ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប និងទប់ស្កាត់ការបាត់បង់អាយុជីវិតរបស់ប្រជាពរដ្ឋដែលបង្កឡើងដោយកត្តាហានិភ័យនេះ។ សម្ដេចបន្តថា មុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។ ជាមួយគ្នានេះ ក៏កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ។ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ មិនត្រូវបត់ ឬ វ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស ។មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។ ហាមការបាច់ទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ ។

យោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានបង្ហាញថា អ្នកស្លាប់ក្នុងឱកាសពិធីបុណ្យសំខាន់ៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែងមាននិន្នាការកើនឡើងខុសពីថ្ងៃធម្មតា។ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យជាតិនានា ច្រើនបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងពេលស្រវឹង ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវនិងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរប្រើប្រាស់ទូរស័ព្ទដៃ ប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ជាដើម៕