ខេត្តកំពតបង្កើតព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងខេត្តមាត់សមុទ្រអោយបានច្រើន

វិទ្យុជាតិកម្ពុជា ៖ដោយ ស៊ឹង សុផារី

កំពត៖ រដ្ឋបាលខេត្តកំពតត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះដើម្បីទាក់ទាញភ្ញៀវទេសចឲ្យរទៅលេងខេត្តជាប់មាត់សមុទ្រមួយនេះអោយបានកាន់តែច្រើនដូចបណ្តាឆ្នាំមុនៗ។

លោក ណូយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ខេត្តកំពតរៀបចំសង្ក្រាន្តកំពតដ៏ធំមួយប្រចាំខេត្តដែលមានការប្រគុំតន្ត្រីការតាំងពិព័រណ៍ពាណិជ្ជកម្ម និងល្បែងប្រជាប្រិយខ្មែរជាច្រើនដូចជា ដណ្តើមស្លឹកឈើ វាយក្អម បោះអង្គុញ ចោលឈួង ចាប់កូនខ្លែង លាក់កន្សែង ស្វាដណ្តើមទី ទាញព្រ័ត ទំពាំងឬស្សី ស្តេចចង់ លោតបាវ បាយខុម លោតអន្ទាក់ និងការរាំកម្សាន្តសប្បាយជាច្រើន។
លោកបានបន្តថា ព្រឹត្តិការណ៍លេងល្បែងប្រជាប្រិយខ្មែរនេះគឺស្ថិតក្នុងបរិវេណពហុកីឡាដ្ឋានរង្វង់មូលខេត្តកំពត ចំណែកព្រឹត្តិការណ៍តាំងពិព័រណ៍និងការប្រគុំតន្ត្រីគឺរៀបចំឡើង តាមដងព្រែកកំពង់បាយមុខសាលាខេត្ត។
សម្លេង៖និយាយរួមឥឡូវនេះយើងកំពុងតែសម្រុកជំរុញគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ក្នុងការធ្វើពិធី សម្រាប់ទទួលកំពតសង្ក្រាន្តនេះការរៀបចំនេះមានអត្ថប្រយោជន៍ខ្លាំង គឺការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងផងហើយយើងលើកតម្កើងនូវវប្បធម៌គឺសន្តិភាពជាតិយើងផងក៏ដូចជាការរៀបចំការកំសាន្តជូនប្រជាពលរដ្ឋក៏ដូចជាការទាក់ទាញភ្ញៀវទេសចរមកកាន់ទឹកដីខេត្តកំពតឲ្យបានកាន់តែច្រើនផងដែរ។
លោកបានបន្តទៀតថា អាជ្ញាធរខេត្តបានត្រៀមកម្លាំងការពារ សន្តិសុខ សណ្ដាប់ធ្នាប់ កម្លាំងសំអាតបរិស្ថាន នឹងចុះអប់រំណែនាំដល់អាជីវករ ពីការរក្សាតម្លៃ និងអនាម័យចំណីអាហារ ដើម្បីធានាឲ្យប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅទីនោះ មានភាពសប្បាយរីករាយ នឹងមិនបារម្ភពីបញ្ហាតម្លៃ អនាម័យ និងការស្នាក់នៅ ។
សូមបញ្ជាក់ថា ក្រៅពីការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពត រដ្ឋបាលខេត្តកំពតក៏បានកែ លម្អតំបន់ទេសចរណ៍សំខាន់ៗជាច្រើននៅក្នុងខេត្តនេះដើម្បីទទួលភ្ញៀវទេសចរអោយទៅលេងនៅ ខេត្តកំពតអោយបានកាន់តែច្រើន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕