រដ្ឋាបាលខេត្តព្រះសីហនុបង្កើតព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រជាលើកដំបូង ដើម្បីទទួលភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រី ធីណា ឌីណេ

រដ្ឋាបាលខេត្តព្រះសីហនុត្រៀមបង្កើតឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រជាលើកដំបូងនាឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ អោយទៅលេងខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់​មួយនេះ​អោយ​បានច្រើន​កុះ​ករឡើ​វិញ​។

លោក ប្រាក់ វិសាល នាយកទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការ អន្តរជាតិ ខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់វិទ្យុជាតិ​កម្ពុជា​ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ត បានរៀប​ចំអោយមានព្រឹត្តិការណ៍សង្ក្រាន្ត ដែលមានលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ ការប្រគំតន្រ្តី តាំងពីព័ណផលិតផលក្នុងស្រុក និងក្រៅ​ស្រុកជិត​៣០០ស្តង់ និងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនផ្សេងទៀត។
លោកបញ្ជាក់ថា ការបង្កើតឲ្យមានព្រឹត្តិការណ៍​សង្ក្រាន្តសមុទ្រនៅ ក្នុងខេត្តព្រះសីហនុនេះ គឺដើម្បីទាក់ទាញ់ភ្ញៀវទេសចរអោយមកលេងខេត្តព្រះសីហនុ ឡើងវិញឱកាសបុណ្យចូលឆ្នាំ ខណៈដែលរយៈពេល២ឆ្នាំកន្លងមកនេះ ចំនួនភ្ញៀវទេសចរមានការថយចុះជាងបណ្តាឆ្នាំមុនៗ។

សំឡេង៖ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ៣ថ្ងៃនេះគឺអាជ្ញាធរខេត្តបានរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើន មានន័យថានៅពេលព្រឹកមានលេងល្បែងប្រជាប្រិយខ្មែរដូចជាបោះឈូងបោះអង្គញ់ឡើងសសរខ្លាញ់ កម្មវិធីរាំកម្សាន្ត ហើយនៅពេលយប់មានការប្រគំតន្ត្រីដែលមានសិល្បករសិល្បការិនីល្បីៗប្រចាំកម្ពុជា ដើម្បីច្រៀងលេងកំសាន្តក្នុងឱកាសពេលយប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

លោក ប្រាក់ វិសាល បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅខេត្តព្រះសីហនុនេះឲ្យបានច្រើន នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ខណៈដែលខេត្តព្រះសីហនុបច្ចុប្បន្ន មានការ អភិវឌ្ឍខ្លំាងទំាងសំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ពិសេសការអភិវឌ្ឍន៍ប្រព័ន្ធ ចម្រោះទឹកស្អាតការពារមិនអោយទឹកសម្អុយ ហូរចូលទៅក្នុងសមុទ្រដោយផ្ទាល់ ដើម្បីធ្វើឲ្យទឹក សមុទ្រមានលក្ខណៈស្រស់ស្អាតឡើងវិញ គ្មានជាតិពុលធ្វើឲ្យប៉ៈពាល់ដល់សុខភាពឡើយ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តរសមុទ្រ ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ នឹងប្រារព្ធឡើងស្ថិតនៅសួរច្បារឆ្នេរឯករាជ្យ ក្នុងខេត្តព្រះសីហនុ ដោយរំពឹងថានិងមានភ្ញៀវជាតិអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ៕