វិទ្យាល័យឥន្ទរទេវីរៀបចំសង្រ្កានវិទ្យាល័យឆ្នាំ២០១៩ ក្រោមប្រធានបទ «សិល្ប:ប្រជាប្រីយ យុវជនសម័យថ្មី ស្មារតីតែមួយ»

វិទ្យុជាតិកម្ពុជា៖ដោយ ហោ សេងគ្រី

វិទ្យាល័យឥន្ទរទេវី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៩ បានរៀបចំអោយមានសង្រ្កានវិទ្យាល័យឆ្នាំ២០១៩ ក្រោមប្រធានបទ «សិល្ប:ប្រជាប្រីយ យុវជនសម័យថ្មី ស្មារតីតែមួយ» ដោយ មានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សាលារាជធានីភ្នំពេញ ខណ្ឌទួលគោក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមប្រមាណ៥០០នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន កោតសរសើរ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្មួយៗជាយុវជន និងសិស្សានុសិស្ស ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងរួមគ្នារៀបចំ ព្រឹត្តិការណ៍សង្រ្កាន្តក្នុងគោលបំណងធ្វើឱ្យយុវជន និងសិស្សានុសិស្ស បានយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីសិល្បៈ វប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង បង្កើនគំនិតរួបរួមសាមគ្គីគ្នា ចែករំលែកចំណេះដឹង និងបង្កើតគំនិតឆ្នៃប្រឌិតថ្មីៗ ដែលអាចជួយទប់ស្កាត់នូវការហូរចូលនៃសិល្បៈ វប្បធម៌ និងអរិយធម៌មិនល្អពីបរទេស ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងបន្តថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើអោយ ប្រទេសជាតិមានការីកចម្រើនក្នុងអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ដែលធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាលំដាប់។ ប៉ុន្តែជាអកុសលបញ្ហាគ្រឿងញៀននៅតែបន្តកើតមានដោយក្រុមឧក្រិដ្ឋជន និងជនខិលខូច ទាំងនៅក្នុង និងក្រៅប្រទេស នៅតែបន្តប្រើប្រាស់គ្រប់ល្បិចកលដោយបានលួចលាក់ចរាចរគ្រឿងញៀនខុសច្បាប់ពីប្រភពផ្សេងៗ ឆ្លងកាត់ និងចូលមកកម្ពុជា ធ្វើឱ្យប៉ះពាល់ដ៏គួរឱ្យព្រួយបារម្ភដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសង្គមជាតិ និងសុខមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចនេះតម្រូវឲ្យយើងទាំងអស់គ្រប់សមាសភាពសង្គមចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន កុំឲ្យគ្រឿងញៀនត្រួតត្រាជីវិតយើងនិង សហគមន៍យើង៕