រាជរដ្ឋាភិបាលអំពាវនាវដល់សាលារៀនគ្រប់កំរិតទុកដីសម្រាប់ហ្វឹកហាត់កីឡា

វិទ្យុជាតិកម្ពុជាដោយ៖ កញ្ញា ទុយ សូលីដា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់សាលារៀនគ្រប់កំរិតទូលទាំងប្រទេស ត្រូវរក្សា ដីទុកសម្រាប់ហ្វឹកហាត់កីឡាដល់សិស្សានុសិស្ស ។

ថ្លែងក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយមហាគ្រួសារកីឡាកម្ពុជា លើកទី៤ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការមានទីកន្លែងសម្រាប់ហ្វឹកហាត់កីឡាក្នុងសាលារៀននៅគ្រប់កំរិត នឹងជួយជំរុញវិស័យកីឡារបស់កម្ពុជាមានសមត្ថភាពកាន់តែប្រសើរឡើង។ សម្ដេចតេជោ បានបញ្ជាក់ថា នៅតាមសាលាគ្រប់កម្រិត ទាំងបឋមសិក្សា មធ្យមសិក្សា និងឧត្ដមសិក្សា ត្រូវរៀបចំឲ្យមានសកម្មភាពកីឡា និងរៀបចំទីកន្លែងសម្រាប់សិស្សានុសិស្សហាត់កីឡាគ្រប់ទម្រង់ ឬឲ្យបានយ៉ាងហោចណាស់ ត្រឹមកីឡាបាល់ទះ បាល់ទាត់ បាល់បោះ និងកីឡាប្រភេទមួយចំនួនផ្សេងទៀត។

សំឡេង៖ «សូមយកឱកាសនេះអំពាវនាវចំពោះគ្រប់មូលដ្ឋាន គ្រប់សាលារៀនគ្រប់កំរិត សូមយកចិត្តទុកដាក់ជំរុញទៅដល់វិស័យកីឡា ដែលមិនមែនគ្រាន់តែជាការហ្វឹកហាត់ សម្រាប់តែមនុស្សចំនួនប៉ុន្មានពាន់នាក់ជួបជុំគ្នាប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងត្រូវដឹងថា កីឡាចាប់ផ្ដើមពីកម្រិតមូលដ្ឋានមក កីឡាបានចាប់ផ្ដើមពីភូមិ ពីមូលដ្ឋានមកឯនោះ។ ដូច្នេះ សង្ឃឹមថា ថ្នាក់ដឹកនាំកម្រិតថ្នាក់ជាតិរបស់យើង ដែលចុះជួយពង្រឹងមូលដ្ឋាន ក៏ដូចជាថ្នាក់មូលដ្ឋាន និងជាពិសេសតាមសកម្មភាពនៅតាមសាលាគ្រប់កម្រិត ទាំងបឋមសិក្សា មធ្យមសិក្សា និងឧត្ដមសិក្សា ត្រូវរៀបចំឲ្យមានសកម្មភាពកីឡា រៀបចំទីកន្លែងឲ្យពួកគេបានហ្វឹកហាត់កីឡា គ្រប់ទម្រង់ បើមិនគ្រប់ទម្រង់នោះទេ ក៏មានកីឡាបាល់ទះ បាល់ទាត់ បាល់បោះ និងកីឡាទាក់ទងជាមួយនិងកីឡាប្រភេទមួយចំនួនផ្សេងទៀត ដែលក្នុងរយៈពេលកន្លងទៅ ឆ្នាំ២០១៦ ខ្ញុំបានចុះទៅតាមមូលដ្ឋានគ្រប់ទីកន្លែង ខ្ញុំឃើញថាកុមារ និងយុវជនរបស់យើង តែងតែស្នើសុំមិនដាច់ អំពីទីកន្លែងហ្វឹកហាត់សម្រាប់កីឡា។ ដូច្នេះហើយខ្ញុំស្នើដោយទទូចឲ្យគ្រប់មូលដ្ឋានទាំងអស់ រក្សាទុកដីធ្លីទាំងឡាយ ដើម្បីបង្កើតឲ្យមានជាកន្លែងសម្រាប់ការលេងកីឡា របស់កុមារ និងរបស់យុវជនយើង ហើយសាលានីមួយៗត្រូវតែទុកដីដើម្បីបង្កើតឲ្យមានកន្លែង សម្រាប់ការហ្វឹកហាត់កីឡា សម្រាប់បុរស និងនារី។ នេះជាចំណុចដែលមិនត្រូវមើលរំលងនោះទេ។ យើងមិនមែនគ្រាន់តែមានកន្លែងការបណ្ដុះបណ្ដាលសម្រាប់ថ្នាក់ជាតិ តែយើងកីឡាតែងចេញពីមូលដ្ឋាមកតែប៉ុណ្ណោះ  ដូច្នោះចំណុចនេះ ដើម្បីធ្វើឲ្យកីឡាមានការរីកលូតលាស់ទៅបាន យើងត្រូវតែជំរុញពីថ្នាក់ក្រោមឡើងមកលើ»