ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យកីឡាករ កីឡាការិនី បន្តខិតខំប្រឹងប្រែងហ្វឹកហ្វឺនបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ធីណា ឌីណេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យកីឡាករ កីឡាការិនី បន្តខិតខំប្រឹងប្រែងហ្វឹកហ្វឺនបន្ថែមទៀត ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គែម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។

ថ្លែងក្នុងពិធីជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយមហាគ្រួសារកីឡាកម្ពុជា លើកទី៤ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យគណៈកម្មាធិការអូឡាំពិចកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធគ្រប់ប្រភេទទាំងអស់ ត្រូវបន្តហ្វឹកហ្វឺនកីឡាករ កីឡាការិនី សម្រាប់ការចូលរួមប្រកួតកីឡាគ្រប់កម្រិត ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ខណៈកម្ពុជាត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។

សម្តេច តេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជានៅសល់រយៈពេលជាង៤ឆ្នាំទៀត សម្រាប់ពង្រឹងសមត្ថភាពធនធានមនុស្ស ចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនេះ។
សំឡេង៖ «ការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង មិនមែនគ្រាន់តែការបណ្តុះបណ្តាល ដើម្បីរង់ចាំការប្រកួតនៅឆ្នាំ ២០២៣នោះទេ ។ ក៏ប៉ុន្តែទន្ទឹមនឹងការហ្វឹកហាត់ការប្រកួត គឺត្រូវធ្វើនៅក្នុងកម្រិតក្នុងប្រទេសរបស់យើង ទាំងតាមភូមិភាគ ទាំងថ្នាក់ជាតិក្នុងកម្រិតជាតិរបស់យើង កម្រិតតំបន់និងកម្រិតកន្លែងដទៃទៀត ដែលមានឱកាសសម្រាប់បញ្ជូនកីឡាករ កីឡាការិនីរបស់យើង ទៅចូលរួមការប្រកួត។ ខ្ញុំសូមស្នើឲ្យមានការជំរុញទៅដល់ការបណ្តុះបណ្តាលធនធានមនុស្ស គឺជារឿងចាំបាច់ ដែលខ្ញុំគ្មានមហិច្ឆតាខ្ពស់ខ្លាំងនោះទេ គ្រាន់តែស៊ីហ្គេមឆ្នាំ២០១៣ ខ្ញុំលឺថា គណៈកម្មាធិការបានគ្រោងរៀបចំត្រឹមតែចំណាត់ថ្នាក់ទី៥ តែប៉ុណ្ណោះ ហើយនេះអាចជាការសមហេតុសមផល ប៉ុន្តែបើទោះបីជាទី៥ក្តី ទី៦ក្តី ឬទី២ ទី៣ក្តី គឺបើបានច្រើនកាលណាល្អកាលនោះ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងត្រូវធ្វើការប្រកួតមួយដោយសុចរិត ដាក់នៅវិញ្ញាសាទាំងឡាយ សម្រាប់ការប្រកួតនោះឲ្យបានត្រឹមត្រូវ ដែលទទួលបានការចូលរួមពីសំណាក់ដៃគូប្រកួតនៅក្នុងតំបន់របស់យើង»៕