រដ្ឋបាលរាជធានីភ្នំពេញត្រៀមកម្លំាងប្រចាំការជាច្រើនអ្នកដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាសត្រៀមកម្លំាងការពារសន្តិសុខសណ្តាប់ធ្នាប់ជាច្រើន​នាក់នៅក្នុងឱកាសបុណ្យចូល​ឆ្នាំខ្មែ​​រ​ប្រពៃណីជាតិខាងមុខនេះដើម្បីមានលទ្ធភាពធ្វើអន្តរាគមន៍ឆ្លើយតបបញ្ហាមិនប្រក្រតីផ្សេងៗរបស់ប្រជាពលរដ្ឋបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី៤មេសា នេះឯកឧត្ដម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានក្រើនរំលឹកដល់អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញក៏ដូចអង្គភាពស្ថាប័ននានាត្រូវត្រៀមលក្ខណៈឲ្យបានល្អប្រសើរទាំងការរក្សាសន្តិសុខសណ្តាប់ធ្នាប់អនាម័យបរិស្ថានការបំផុសឲ្យប្រជាពលរដ្ឋសំអាតផ្ទះសំបែង,ការតុបតែងលំអរភ្លើងចំរុះពណ៏,ការដោតទង់ជាតិតាមស្ថាប័ន ឬតាមផ្ទះ,ការដាក់តាំងព្រះឆាយាលក្ខ័ណ៍ព្រះករុណាព្រះមហាក្សត្រនិងត្រូវបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋបានរីករាយកំសាន្តតាមទីសាធារណៈវត្តអារាមនិងរមណីដ្ឋាននានាឲ្យលក្ខណៈអធឹកអធមក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលក៏បានណែនាំឲ្យមន្ត្រីខណ្ឌ,អង្គភាព ទាំងអស់ត្រូវដាក់វេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោងគឺដើម្បីបង្កើនទំនួលខុសត្រូវក្នុងការចាត់ចែងជួយអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងដូចជាគ្រោះអគ្គីភ័យ បញ្ហាចោរកម្មគាស់ផ្ទះសំបែងប្រជាពលរដ្ឋ និងបញ្ហា អស្តិសុខមួយចំនួន ទៀតក្នុងរាជភ្នំពេញ។
បន្ថែមពីនេះ កម្លាំងសន្តិសុខនឹងឈរជើងប្រចាំការការពារ២៤ម៉ោងលើ២៤ម៉ោង ដែលមានវេនផ្លាស់ប្តូរគ្នាពង្រាយនៅតំបន់ទេសចរណ៍សំខាន់ៗនៅសួនច្បារមាត់ទន្លេ មុខព្រះបរ មរាជវាំង តំបន់ស្មុគស្មាញ ពិសេសក្នុងតំបន់រម្មណីយដ្ឋានវត្តភ្នំ ដែលជាទីតាំងសំខាន់សម្រាប់ ប្រារព្វពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។
ជាមួយគ្នានេះវិធានការណ៍ការពារសន្តិសុខដែលចម្រុះដោយកម្លំាងប៉ូលីស និងនគរបាល អម ដោយរថយន្តពន្លត់អគ្គីភ័យ កម្លាំងប្រដាប់អាវុធដើរល្បាត និងកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ ដើម្បីជួយសម្រួលចរាចរណ៍នៅច្រកចេញចូលសំខាន់ៗក្នុងរាជធានីភ្នំពេញដើម្បី កាត់បន្ថយការ កក់ស្ទះចរាចរណ៍និងធានាបាន សន្តិសុខ សុវត្ថិភាព រក្សាប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ករ បរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនិងភ្ញៀងទេសចរដែលមកចូលរួមបុណ្យចូលឆ្នាំប្រពៃណីជាតិនៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរនៅក្នុងកិច្ចប្រជុំនោះក៏បានផ្តោតការយកចិត្តទុក្ខដាក់លើបញ្ហាសំរាមដែលកង្វល់មួយសំរាប់អាជ្ញាធរក្រុងភ្នំពេញដែលត្រូវបានយកចិត្តទុកដាក់រៀបចំយន្តការឲ្យបានច្បាស់លាស់ថែមទៀតដើម្បីប្រមូលនិងដឹកសំរាមចេញក្រៅក្រុងឲ្យបានទាន់ពេលវេលាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយះពេល៣ថ្ងៃនេះ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងពីការរៀបចំឲ្យមានវត្តភ្នំសង្ក្រាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរដើម្បី ផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋមកលេងកំសាន្តសប្បាយផងដែរ៕