ក្រសួងបរិស្ថាន អំពាវនាវឱ្យគ្រួសារនីមួយៗ បុគ្គលម្នាក់ៗ ចូលរួមការពារភពផែនដី និងសន្សំសំចៃការប្រើប្រាស់ទឹក និងចរន្ដអគ្គិសនី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ដែលជាបុគ្គលម្នាក់ៗគ្រួសារនីមួយៗ ដែលកំពុងរស់នៅលើភពផែនដីនេះ ចូលរួមការពារភពផែនដីរបស់យើង ដោយគ្រាន់តែចូលរួមសន្សំសំចៃការប្រើប្រាស់ទឹក ការប្រើប្រាស់ចរន្តអគ្គិសនី ចូលរួមដាំដើមឈើ និងកាត់បន្ថយសំណល់រឹង រាវ សំរាម កាត់បន្ថយការដុតប្រេងឥន្ធនៈផូស៊ីល បិទម៉ាស៊ីន ត្រជាក់ កំព្យូ  ទ័រ និងសម្ភារប្រើប្រាស់ចរន្តអគ្គិសនីផ្សេងទៀត ខណៈពេល ចាកចេញពីការិយាល័យ  ឬពីផ្ទះរបស់បងប្អូន ព្រមទាំងប្រើប្រាស់សម្ភារដែលស៊ីភ្លើងតិច និងរស់នៅក្រោមប្រតិបត្តិបរិស្ថានល្អ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន។

ក្នុងឱកាសនៃការប្រារព្ធពិធីទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០១៩ ក្រោមប្រធានបទ “ភ្ជាប់ទំនាក់ទំនងជាមួយនឹងផែនដី” នៅក្នុងបរិវេណផ្សារទំនើបអ៊ីអន២ សែនសុខ កាលពីរាត្រីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា គោលបំណងនៃការប្រារព្ធទិវានេះ គឺបំផុសចលនាមហាជនឱ្យចូលរួមទទួលខុសត្រូវលើការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពបរិស្ថាន ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន និងជួយសង្គ្រោះភពផែនដីរបស់យើងពីការកើនកំដៅ។ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីធានាបានការរួមចំណែកនៅក្នុងការទប់ស្កាត់កំណើនកំដៅភពផែនដី និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា ជាពិសេសការកាត់បន្ថយការ បញ្ចេញឧស្ម័នកាបូនិក ចាំបាច់ត្រូវយកចិត្តទុកដាក់ ក្នុងការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពបរិស្ថាន ដោយផ្តោតសំខាន់ទៅលើការប្រើប្រាស់ ថាមពលកកើតឡើងវិញ ការប្រើថាមពលដោយវៃឆ្លាត។

លោក សេង ទៀក ប្រធានអង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ បានថ្លែងថា ការបិទភ្លើងមួយម៉ោង គឺជាការបង្ហាញពីការសន្យាខ្ពស់របស់ប្រជាពលរដ្ឋ ដែលស      កម្មក្នុងការចូលរួម និងនាំគ្នាពិភាក្សាពីធម្មជាតិ ពីសមុទ្រ ពីសត្វព្រៃ និងពីព្រៃឈើ។ លោកបានបន្ដថា ទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះគឺការភ្ជាប់ទំនាក់ ទំនងទៅនឹងភពផែនដី ហើយវាក៏ជាការអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងពិភពលោកភ្ជាប់ទំនាក់ទំនងរបស់ខ្លួនឱ្យជិតបំផុតនឹងបញ្ហាបរិស្ថាន យកចិត្តទុកដាក់ ចូលរួមពិភាក្សា និងរកដំណោះស្រាយពីបញ្ហាបរិស្ថានដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ លោកបានបន្ថែមថា ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ នឹងជំរុញឱ្យមានការបើកទូលាយ លើការសន្ទនាក្នុងសង្គមអំពីបញ្ហាបរិស្ថាន និងជីវៈចម្រុះដើម្បីឱ្យប្រជាជនមានការយល់ដឹងកាន់តែស៊ីជម្រៅថា មនុស្សជាផ្នែកមួយនៃជីវចម្រុះ និងជីវចម្រុះជាផ្នែកមួយនៃភាពសុខុដុមរមនារបស់យើងទាំងអស់គ្នា។

ជាមួយគ្នានេះដែរ ការប្រារព្ធទិវា «មួយម៉ោងសម្រាប់ភពផែនដី» នៅឆ្នាំនេះធ្វើឡើងក្នុងបរិបទមួយដែលកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅតំបន់បាន និងកំពុងទទួលរងឥទ្ធិពលបាតុភូតអែលនីណូ ដែលបានបង្កឱ្យធាតុអាកាសនារដូវប្រាំងនេះ ជាពិសេសក្នុងអំឡុងខែមេសា និងឧសភាខាងមុខ មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមានៅពេលខ្លះអាចហក់ឡើងដល់ ៤០ ទៅ៤២ អង្សាសេ។ អាកាសធាតុក្តៅហួតហែងរបៀបនេះបាន និងកំពុង ជះឥទ្ធិពលដោយប្រយោលមកលើប្រទេសកម្ពុជា ធ្វើឱ្យមានរំហួតទឹកឆាប់រហ័ស ប្រភពទឹកមួយចំនួនបានរីងស្ងួត និងធ្វើឱ្យការប្រើប្រាស់ទឹក និងចរន្តអគ្គិសនីកើនឡើង។ នេះគឺជាសញ្ញាមួយយ៉ាងច្បាស់បង្ហាញពីផលប៉ះពាល់ ដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងទៀតថា នៅសល់រយៈពេលជិត ២ ខែទៀត ទើបរដូវវស្សាចាប់ផ្តើម ហើយក្នុងរយៈពេលនេះ កម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលបាតុភូតអែលនីណូ ធ្វើឱ្យអាកាសធាតុក្ដៅហួតហែង។ ទន្ទឹមនេះ អាកាសធាតុក្តីហួតហែងរបៀបនេះនឹងធ្វើឱ្យធនធានធម្មជាតិ ព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ងាយទទួលរងនូវបាតុភូតភ្លើងឆេះព្រៃ ដោយសារកត្តាធម្មជាតិ និងសកម្មភាពមនុស្ស។ តាមការកត់សម្គាល់របស់ក្រសួងបរិស្ថាន យោងតាមរបាយការណ៍ ពីថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងថ្នាក់តំបន់បញ្ហាភ្លើងឆេះព្រៃតែងតែកើតមាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះនានារបស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំជាពិសេសក្នុងរដូវប្រាំង។ ឯកឧត្តមបានឱ្យដឹងទៀតថា កត្តាចម្បងដែលបង្កឱ្យ មាន ភ្លើងឆេះព្រៃ ញឹកញាប់បំផុតនារដូវប្រាំង មានដូចជា ការកាប់ឆ្ការដុតរានព្រៃធ្វើជាកម្មសិទ្ធិដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេរចរ ការតាំងទីលំនៅថ្មីៗ និងការដុតព្រៃដើម្បីចាប់សត្វព្រៃនិងការធ្វេសប្រហែសរបស់មនុស្ស។ល។

ឯកឧត្តមបានថ្លែងទៀតថា ដើម្បីបង្ការនិងទប់ស្កាត់ភ្លើងឆេះព្រៃនេះ ក្រសួងបរិស្ថាន សូមធ្វើការអំពាវនាវដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន អាជ្ញាធរមានសមត្ថកិច្ចរួមទាំងសហគមន៍មូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តន៍វិធានការ ទី១- ទប់ស្កាត់ និងណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការប្រើប្រាស់ភ្លើងជាមធ្យោបាយដើម្បី ប្រមូលផល អនុផលព្រៃឈើ ការដុតព្រៃស្ទាក់ចាប់សត្វ និងការដុតវាលស្មៅ។ល។ ទី២-ទប់ស្កាត់ការកាប់ឆ្ការ ទន្រ្ទាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ក្នុងគោលបំណងផ្សេងទៀត ដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃឈើ ព្រៃលិចទឹក និងរាលដាល ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់ការរង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។ ទី៣- ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើភ្លើងជា មធ្យោបាយក្នុងការដុតកាកសំណល់ផ្សេងៗ នៅក្នុង តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ។ ទី៤- អាជ្ញាធរពាក់ព័ន្ធត្រូវណែនាំអ្នកពាក់ព័ន្ធ  អនុវត្តវិធានការបច្ចេកទេសសមស្រប ដែលអាចធានាសុវត្ថិភាពចំពោះភ្លើងព្រៃដោយត្រូវពន្លត់ភ្លើងឱ្យអស់ជាចាំបាច់មុនពេលចាក ចេញពីទីតាំងប្រើប្រាស់ភ្លើង។ ទី៥- ក្នុងករណីកើតមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ សូមសមត្ថកិច្ចពាក់ព័ន្ធប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់តាមរយៈការប្រកាសអាសន្ន ហើយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវដឹកនាំបញ្ជាផ្ទាល់ក្នុងការប្រើកម្លាំងចម្រុះ រួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅក្នុងមូលដ្ឋាននោះ រួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងព្រៃឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដី ត្រូវបានចាប់ផ្តើមប្រារព្ធលើកដំបូងនៅឆ្នាំ២០១៦ ដោយក្រសួងបរិស្ថានសហការជាមួយអង្គការមូលនិធិសកល ដើម្បីអភិរក្សធនធានធម្មជាតិ(WWF) ហើយសម្រាប់ឆ្នាំ២០១៩នេះ ជាលើកទី៤ នៃការប្រារព្ធទិវានេះ៕

ដោយ អ៊ុន  រិទ្ធី