រដ្ឋមន្រ្តី​ក្រសួង​អប់រំអះអាងថា ក្រសួងកំពុងតែធ្វើការកំណែទម្រង់គ្រូបង្រៀន ដើម្បីធ្វើឱ្យ​អត្រាសិស្សចេះអានអក្សរ ចាប់ពីថ្នាក់ទី៥ចុះក្រោម មានកម្រិតខ្ពស់

AKP សៀមរាប ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ — ឯក​ឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡាបាន​មានប្រសាសន៍ថា នៅក្នុងការប្រឡង​ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់កន្លងមកនេះ​ឃើញថា ផ្នែក​គណិវិទ្យាសិស្សកម្ពុជាធ្វើបាន​ល្អ ប៉ុន្តែសម្រាប់អំណានវិញ​យើង​នៅ​ទាបជាង​គេនៅឡើយ ដែលបញ្ហានេះ​ក្រសួងអប់រំបានខិតខំធ្វើកំណែទម្រង់ជាពិសេសការកំណែ​ទម្រង់​គ្រូបង្រៀន ដោយបានដាក់ឱ្យប្រើបា្រស់កញ្ចប់សម្ភារអំណានថ្នាក់ដំបូង ដែលរួមមានសៀវ​ភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស ប័ណ្ណអក្សរ និងរូបភាព និងសៀវភៅរឿងខ្លីៗ។ថ្លែងបើកសិក្ខាសាលាបំប៉នគ្រូបង្រៀនថ្នាក់ទី១ និងថ្នាក់ទី២ ស្តីពីការប្រើបា្រស់កញ្ចប់​សម្ភារអំណានថ្នាក់ដំបូង នៅសាលាបឋមសិក្សាស្វាយធំ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ត​សៀមរាប នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះឯក​ឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ថា សម្ភារទាំងនេះ ត្រូវបានបំប៉នជូនលោកគ្រូ អ្នកគ្រូដែលបង្រៀន ថ្នាក់ទី១ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរឡើងនូវគុណវុឌ្ឍិរបស់គ្រូបង្រៀន ជាពិសេសបច្ចេកទេសក្នុង​ការ​បង្រៀន និងរៀន ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ។

ឯកឧត្តមបានបន្ដថា បន្ទាប់ពី​ក្រសួង​អប់រំ​បាន​ផ្តល់នូវវិធីសាស្រ្តីថ្មីៗក្នុងការបង្រៀន និងផ្តល់សៀវភៅគោលសម្រាប់អាន​ឃើញថា សិស្សគឺមាន​ការឆាប់ចេះអាន​ជាងមុនគួរឱ្យកត់សម្គាល់។ ឯកឧត្តមបន្តទៀតថា តាម​ពិតការកំណែទម្រង់វិស័យអប់រំនៅកម្ពុជាមិនមែនកែទម្រង់តែការប្រឡងបាក់ឌុបនោះទេ គឺ ក្រសួងបានកំពុងកែទម្រង់តាំងពីថា្នក់មតេយ្យដែលជាគ្រឹះសំខាន់ឡើងទៅ។ ឯក​ឧត្តមបណ្ឌិត​សភាចារ្យបានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់លើការអនុវត្តវិធីសាស្រ្តបង្រៀន ឱ្យបានសមស្របរួមមាន ការបង្រៀនសិស្សឱ្យចេះអានទៅតាមសមាសភាគទាំង៥ គឺការ​ស្គាល់​សូរ ការស្គាល់តួអក្សរ ការចេះអានពាក្យ ការចេះអានស្ទាត់ និងការអានយល់ន័យ ជាពិសេសដើម្បីបង្រៀនសិស្សឱ្យចេះអាន គ្រូត្រូវមានវិធីក្នុងការបង្រៀនដូចជា អំណានបុគ្គល អំណានដៃគូ អំណានជាក្រុម ឬអំណានចូលរួម និងអំណានលឺជាដើម។

សូមបញ្ជាក់ថា សម្រាប់​ការ​វគ្គបំប៉នគ្រូបង្រៀនថ្នាក់ទី១ និងថ្នាក់ទី២នេះគឺមាន​លោកគ្រូ អ្នកគ្រូសរុបជាង៤០០នាក់មកពីស្រុកចំនួន៦រួមមាន​ស្រុក​ប្រាសាទបាគង សូទ្រនិគម ស្រុក ជីក្រែង ស្រុក​ស្វាយលើ ស្រុកវ៉ារិន និង​ស្រុក​បន្ទាយស្រី៕

ដោយ ឃុត សៅ