កម្ពុជារៀបចំព្រឹត្តិការណ៍វាយកូនហ្គោលអាស៊ីនៅខេត្តសៀមរាប ដោយមានអ្នកចូលរួម​ជាង៥០០នាក់ មកពី៤៥ប្រទេស

AKP សៀមរាប​ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ — ក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍កីឡាវាយកូនហ្គោលពិភពលោក បាន ទទួលរៀបចំព្រឹត្តិការណ៍«កីឡាវាយកូនគោលអាស៊ី»លើកទី៨ នៅលើទឹកដីខេត្ដសៀមរាប ដែល​នឹងមានកីឡាករជាភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋី-មហាសេដ្ឋី និងអ្នកវិនិយោគធំៗ លើ​វិស័យ​ទេសចរណ៍ប្រមាណ៥៦២នាក់ មកពី៤៥ប្រទេសចូលរួម។ នៅក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារសុខាសៀមរាប កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ​​សហព័ន្ធ​វាយកូនហ្គោលកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអាស៊ី លើកទី​៨នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ហើយ​កីឡាវាយកូនហ្គោលនេះ គឺធ្វើឡើងនៅទីលានវាយកូនហ្គោលទាំងបី​ដែលមាននៅខេត្ត​សៀម​រាប។ ឯកឧត្តមបានបន្តថា ជាមួយនឹងព្រឹត្តិការណ៍កីឡាវាយកូនហ្គោលនេះ ក៏មានពិធី​ជួបជុំដ៏ធំមួយរវាងអ្នកលក់ និងអ្នកទិញប្រមាណជាង៤០០នាក់ ដើម្បីពិភាក្សាគ្នាលើការទិញ-លក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ជូនភ្ញៀងទេសចរ ពីព្រោះពួកគាត់ភាគច្រើនជាក្រុមហ៊ុន​នាំភ្ញៀវទេសចរដើរទស្សនាផង និងលេងកីឡាផង ពិសេសកីឡាវាយកូនហ្គោលនេះតែម្ដង។

ឯកឧត្តមបានបន្តទៀតថា «ទេសចរណ៍កីឡាវាយកូនហ្គោលនេះ ជាប្រភេទទេសចរណ៍មួយ ដែលភ្ញៀវទេសចរមានការចំណាយច្រើនជាងដំណើរកម្សាន្តផ្សេងៗ ពីព្រោះអ្នកចូលលេង​ភាគច្រើនជាអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន មហាសេដ្ឋី ឬក៏អ្នកដែលមានជីវភាពធូរធាណាស់»។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺស្របទៅនឹង​គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ដែលកំពុងខិតខំ ជំរុញវិ​ស័យទេសចរណ៍កីឡាវាយកូលហ្គោលនេះ ឱ្យរីកដុះដាលឡើង ដើម្បីផ្សព្វផ្សាយពី វិស័យទេសចរណ៍នៅកម្ពុជាផង និងដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញការរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនហ្គោលពិភពលោកលើកទី៨នេះ នឹងចូលរួមផ្សព្វផ្សាយពី វិស័យទេសចរណ៍នៅកម្ពុជា សំដៅជំរុញកំណើនទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត ក្រោយពីកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.២លាននាក់ កើនឡើង ១០.៧​ភាគរយ នៅឆ្នាំ២០១៨ កន្លងទៅ។

លោក Peter walton អគ្គនាយកអង្គការទេសចរណ៍វាយកូនហ្គោលអន្តរជាតិ បានឱ្យដឹង​ដែរថា ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្តរជាតិនេះ តែងធ្វើឡើងនៅតាមប្រទេស​នានាជារៀងរាល់ឆ្នាំ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ហើយនៅឆ្នាំ២០១៩នេះ អង្គការលោកបានជ្រើសរើសយកខេត្តសៀមរាប ប្រទេសកម្ពុជា រៀបចំព្រឹត្តិការណ៍នេះឡើង។ លោកបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាមានសុខ សន្តិភាព ពេញលេញ មានទីលានវាយកូនហ្គោលបទដ្ឋានអន្តរជាតិ មានតំបន់ទេសចរណ៍​ដ៏ល្បី​ល្បាញនៅទូទាំងពិភពលោក គឺប្រាសាទអង្គរ ទើបភ្ញៀវទេសចរ​និងអ្នកវិនិយោគធំៗលើវិស័យ​ទេសចរណ៍កីឡាវាយកូនហ្គោលពេញចិត្តក្នុងការមកទស្សនា និងមកចូលរួមក្នុងព្រឹត្តិការ​ណ៍​កីឡាអន្តរជាតិដ៏ធំនេះ។ លោកបានបន្តថា អ្នកចូលរួមទាំង៥៦២នាក់នោះ មានមកពីតំបន់​អាស៊ាន តំបន់អឺរ៉ុប ប្រទេសចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តំបន់មជ្ឈិមបូព៌ា អាហ្វ្រិកខាង​ត្បូង ឥណ្ឌា ទ្វីបអាម៉េរិកខាងជើង និងមកពីប្រទេសអូស្ត្រាលី។

លោកបានបន្ថែមថា អ្នកចូលរួមទាំងនោះមិនត្រឹមតែមកលេងកីឡាវាយកូនហ្គោល ប៉ុណ្ណោះទេ តែថែមទាំងបានចូលទស្សនានៅតាមប្រាសាទ និងរមណីយដ្ឋានទេសចរណ៍​នានានៅកម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ហើយនឹងបានភ្លុកម្ហូបអាហារខ្មែរដែលមាន​រសជាតិ​ឆ្ងាញ់ពិសារ បានមើលឃើញដោយផ្ទាល់នូវស្នាមញញឹមពីធម្មជាតិ និងភាពរួសរាយ​រាក់ទាក់របស់ប្រជាជនកម្ពុជា៕ដោយ ឃុត សៅ