តុលាការខ្មែរក្រហម ចេញប្រកាសសាលក្រមពេញលេញ នៅក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ — អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បាន​ចេញប្រកាសសាលក្រមពេញលេញជាលាយលក្ខណ៍អក្សររបស់ខ្លួន នៅក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៩។ សាលក្រមនៃសំណុំរឿង ០០២/០២ នេះ គឺជាសាលក្រមវែងជាងគេបំផុត ដែល អ.វ.ត.ក. បានចេញរហូតដល់ពេលនេះ ដោយសាលក្រមនេះមានទំហំរួមទាំងឧប សម្ព័ន្ធ​ជាភាសាខ្មែរចំនួន ៤.១០១ ទំព័រ ជាភាសាអង់គ្លេសចំនួន ២.៣៨៧ ទំព័រ និងជាភាសា​បារាំង ចំនួន ២.៨២៨ ទំព័រ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់អង្គជំនុំជម្រះ​សាលា ដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុង​តុលាការកម្ពុជា បានថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់សាលាក្តីខ្មែរក្រហម​ក្នុងការ​ស្វែងរកយុត្តិធម៌ និងការពិតជូនជនរងគ្រោះនៃរបបខ្មែរក្រហម។ ឯកឧត្តមបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើត​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដោយអញ្ជើញ អង្គការសហប្រជាជាតិចូលរួម​ដើម្បី​ជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត​នៃ​របបកម្ពុជាប្រជាធិបតេយ្យ ចំពោះការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលបានប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ និងថ្ងៃទី០៦ ខែមករា ១៩៧៩។ លោក​បានលើកឡើងថា សមិទ្ធផលថ្មីនេះបានបន្ថែមលើសមិទ្ធផលជាច្រើនដែលអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងរយៈពេល ១២ ឆ្នាំមកនេះទាំងក្នុងផ្នែកយុត្តាធិការ និងក្រៅផ្នែកយុត្តាធិការ ព្រមទាំងបានបន្សល់ទុកនូវកេរ ដំណែល ដែលត្រូវបានចាត់ទុកជាកត្តាសំខាន់បំផុត ដែលគួរថែរក្សាទុក និងផ្តល់ទុកឱ្យ​មនុស្សជំនាន់ក្រោយ រួមមានការអប់រំ ការចងចាំ ក៏ដូចជាការកសាងសមត្ថភាព និងការពង្រឹង ស្ថាប័នតុលាការ និងប្រព័ន្ធយុត្តិធម៌។

លោកបានលើកឡើងទៀតថា សមិទ្ធផលទាំងនេះអាច កើតមានឡើងបានគឺដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ លោកបានបន្ដថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបន្ត​វេនក្នុងការងារនេះ ហើយក្នុងនោះក៏បានចងចាំជានិច្ចនូវការចូលរួមចំណែក និងដើរ​តួនាទី​យ៉ាងសំខាន់របស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងការកសាងច្បាប់ ក៏ដូចជាការចរចា កិច្ច ព្រមព្រៀង ដើម្បីបង្កើតឡើងនូវ អ.វ.ត.ក ដែលជាតុលាការមានអាណត្តិជាប្រវត្តិសាស្រ្ត។ គោលបំណងនៃការជំនុំជម្រះក្តីនេះ គឺដើម្បីស្វែងរកយុត្តិធម៌ ការពិត និងការចងចាំ ក្នុងក្រប ខ័ណ្ឌសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ដែលជាមធ្យោបាយដ៏សំខាន់ មួយក្នុងការគោរព និងការចងចាំដល់ជនរងគ្រោះទាំងអស់ ដើម្បីជួយពង្រឹងនីតិរដ្ឋ នៅក្នុង ប្រទេសកម្ពុជា និងដើម្បីធានាកុំឱ្យមានសោកនាដកម្មបែបនេះកើតឡើងសាជាថ្មីនៅលើ ទឹកដី កម្ពុជា ឬនៅទីណាៗទាំងអស់ នៅក្នុងពិភពលោកនេះ។

លោក ក្រាញ់ តូនី បានបន្ដទៀតថា រហូតដល់តុលាការខ្មែរក្រម បានសម្រេចបាន លទ្ធផលជាច្រើន ក្នុងការនាំយកនូវយុត្តិធម៌ជូន ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហម និងជនរងគ្រោះដែលនៅរស់រានមានជីវិតនៅឡើយ ព្រមទាំងស្វែង រកនូវការពិត ជូនមនុស្សជាតិទាំងមូល ពង្រឹងនីតិរដ្ឋ លុបបំបាត់និរទណ្ឌភាព ការផ្សះផ្សារជាតិ ផ្សះផ្សារផ្លូវចិត្តជនរងគ្រោះ និងកសាងសមត្ថភាពមន្ត្រីបុគ្គលិក ព្រមទាំងផ្តល់កេរតំណែលជា ច្រើនទៀសម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះសាលាដំបូងបានប្រកាស​សេចក្តីសង្ខេបនៃសំអាងហេតុ និងផ្នែកសម្រេចសេចក្តីរបស់ខ្លួន  នៅក្នុងសំណុំរឿង ០០២/០២ ជាសាធារណៈ នៅសាលសវនាការធំរបស់ អ.វ.ត.ក. ហើយបាន សម្រេចផ្តន្ទា ទោសជនជាប់ចោទទាំងពីរនាក់ដាក់ពន្ធនាគារអស់មួយជីវិត។ ទន្ទឹមនេះ សវនាការដេញ ដោល ​ពិនិត្យភស្តុតាង នៅក្នុងការជំនុំជម្រះក្តីសំណុំរឿងនេះបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ហើយបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ នៅក្នុងអំឡុង ពេលជំនុំជម្រះក្តីនេះ អង្គជំនុំជម្រះបានស្តាប់សក្ខីកម្មបុគ្គលចំនួន ១៨៥ នាក់ រួមមាន សាក្សី ១១៤ នាក់ ដើមបណ្តឹងរដ្ឋប្បវេណី ៦៣ នាក់ និងអ្នកជំនាញ ៨ នាក់។ មូលដ្ឋានភស្តុតាង នៅក្នុងសំណុំរឿង ០០២/០២ រួមមានឯកសារជាង ១០.៨០០ ឯកសារ សម្រាប់អង្គជំនុំជម្រះ សាលា ដំបូងធ្វើការវិភាគនិងពិចារណាសម្រេច៕

ដោយ អ៊ុន រិទ្ធី