អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ ជាសម្ភារ និង​ថវិកា ចែកជូនបងប្អូនឥស្លាមសហគមន៍ខណ្ឌឫស្សីកែវ ចំនួន១៧៧គ្រួសារ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩– ឯកឧត្ដម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាតំណាង ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី បាន​អញ្ជើញ​ចូលរួមក្នុងពិធីសំណេះសំណាល នាំយកអំណោយមនុស្សធម៌ ជាសារ៉ុង និងសម្លៀក​បំពាក់ថ្វាយបង្គុំ(ម៉ាខ្នា) ដែលជាអំណោយរបស់មូលនិធិអាត់តាមីស៊ីតាមរយៈ មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈអង្គរ ជូនសហគមន៍បងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន១៧៧ គ្រួសារ ស្ថិតនៅសង្កាត់ច្រាំង ចំរេះទី១ និងទី២ ខណ្ឌឬស្សីកែវ និងបាននាំយកអំណោយ​ជាស៊ីម៉ង់ចំនួន៣តោន ជូនវិហារឥស្លាមគីឡូម៉ែត្រលេខ៩ តបតាមការស្នើរសុំរបស់គណៈ​កម្មាធិការសាសនិកឥស្លាម សម្រាប់ធ្វើបន្ទប់ទឹក និងកន្លែងយក ទឹកថ្វាយបង្គុំ ជូនសហគមន៏ សាសនិកឥស្លាមឬស្សីកែវ ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃសៅរ៍ ១០រោច ខែ ផល្គុន ឆ្នាំច​សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ដ្រមណ្ឌល ភ្នំពេញ បានមានប្រសាសន៍ថា បច្ចុប្បន្នក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល សហគមន៍អន្ដរជាតិបានមើលឃើញថា ប្រជាពលរដ្ឋបានរួមរស់សម្បូរសប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយសុខ​ដុម​រមនា និងគ្មានការរើសអើងពូជន៍សាសន៍ អ្វីឡើយ។ លោកជំទាវបន្ដថា រាជរដ្ឋាភិបាលបាន​ខិតខំកសាងសន្តិភាពធ្វើឱ្យប្រទេសជាតិមានសិទ្ធិ សេរីភាព​ដែលធ្វើឱ្យ បងប្អូនសាសនិក​ឥស្លាមទាំងអស់មានសិទ្ធិគោរពតាមជំនឿសាសនារៀងៗខ្លួន ជាក់ស្តែងថ្ងៃនេះបងប្អូនបាន មកទទួល អំណោយមនុស្សធម៌ ដោយមានសេរីភាព និងយុត្តិធម៌តាមជំនឿ ។
ឯកឧត្ដម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ដ្រមណ្ឌលពោធិ៍សាត់ បានបញ្ជាក់ថា ដោយសារ​គោលនយោបាយសុខដុមនីយកម្មរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍ឥស្លាម មានភាព កក់កក្ដៅ និងរីកចម្រើនជាបន្តបន្ទាប់តាមគោលនយោបាយឈ្នះ ឈ្នះ និងភាពជោគជ័យ ដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនេះ ​បងប្អូនអ្នកកាន់សាសនាឥស្លាម បាន​កំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែល​ក្នុងនោះ បងប្អូនសាសនិកឥស្លាមនៅកម្ពុជា ក៏ទទួលបាននូវគោលនយោបាយល្អ ដើម្បី​បំពេញរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំ​ទូលាយ ឱ្យទទួលយកការប្រតិបត្តិតាមគោលជំនឿសាសនារបស់ខ្លួន៕

ដោយ សួស សំរិត