លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន អញ្ជើញចូលរួមអភិសេកបុណ្យ ឆ្លងប្រាសាទ​ចតុម្មុខ​  ស្ថិត​នៅតំបន់​រមណីយ​ដ្ឋានប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ — លោកជំទាវ កតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់​ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា​ និងអធិការកិច្ចបានអញ្ជើញចូលរួម ក្នុងពិធីអភិសេកឆ្លងប្រាសាទ​ចតុម្មុខ​ ស្ថិត​នៅតំបន់រមណីយដ្ឋានប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងស្រុកសង្គមថ្មី​ ខេត្ត​ព្រះវិហារ ដើម្បីសុំសេចក្ដីសុខចម្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល និងថែរក្សាការពារ វប្បធ៌មជាតិ ដែលដូនតាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយគោរពប្រតិបត្ដិតាម។ ពិធីនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច​សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩ នៅខេត្ដព្រះវិហារ។ប្រាសាទចតុម្មុខ​ ជាប្រាសាទមួយស្ថិតក្នុងក្រុមប្រាសាទបាកាន(ព្រះ​ខ័ន​កំពង់ស្វាយ)​ ស្ថិតក្នុងភូមិតាសែង​ ឃុំរណសិរ្ស​ ស្រុកសង្គមថ្មី​ ខេត្តព្រះវិហារ។  ប្រាសាទនេះ​ មានរូប​ព្រះពុទ្ធទ្រង់ឈរ​ បែរទល់ខ្នងគ្នាចំនួន ៤ ទិស​  និងកម្រឃើញមានប្រាសាទនៅក្នុងតំបន់ផ្សេង​ ក្នុងប្រទេសកម្ពុជាមានទម្រង់ដូចជាប្រាសាទនេះ។   ប្រាសាទនេះ​ បានដួលរលំអស់ពាក់ កណ្ដាលតាំងពីយូរណាស់មកហើយ​ នៅសល់ត្រឹមតែចង្កេះមកចុះក្រោមតែប៉ុណ្ណោះ​ ហើយ នៅតាមជញ្ជាំង​ និងផ្នែកខាងមុខមានដើមឈើ​ និងឫសឈើដុះញ៉ែកជញ្ជាំងកាន់តែខ្លាំង​ ដែលកត្តានេះ​ នាំឱ្យប្រាសាទប្រឈមនឹងការដួលរលំទាំងស្រុង។​ ចំណែកព្រះកេសព្រះពុទ្ធ​បានធ្លាក់នៅរាយប៉ាយនៅផ្នែកខាងមុខផ្លូវចូល​ និងជ្រុងទាំងបី​ ហើយភ្ញៀវទេសចរណ៍​មក​ទស្សនានៅទីនេះ​ បានដើរជាន់ពីលើ។
ជាមួយគ្នានេះដែរ ដោយមានការយកចិត្តទុកដាក់​ និងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា​ ​ ផ្ដល់នូវថវិកា ព្រមទាំងមានការចូលរួមពីសប្បុរសជននានា​ ដើម្បីជួសជុលប្រាសាទនេះ​ និង​លើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ​ និងលើកតម្លៃផ្នែកវប្បធម៌ឱ្យ​កាន់តែទូលំទូលាយ។  ទន្ទឹមនេះ ការងារអភិរក្ស​ និងជួសជុលប្រាសាទ ត្រូវបានអនុវត្តន៍ ឡើងដោយនាយកដ្ឋានគាំពារ​ និងអភិរក្សសំណង់បុរាណ​ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ​ នៃ​ក្រ​សួងវប្បធម៌​ និងវិចិត្រសិល្បៈ៕
ដោយ សួស សំរិត