សមាគមធនាគារនៅកម្ពុជាប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ — គ្រឹះស្ថានធនាគារចំនួន៤៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនមួយចំនួន ជាសមាជិកសមាគម​ធនាគារ​នៅកម្ពុជា បានចុះអនុស្សរណៈរួមគ្នា ដើម្បីជាកិច្ចផ្តើមអនុវត្តន៍ផ្លូវការ គោលការណ៍​ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា ចាប់ពីឆ្នាំ២០១៩នេះទៅ។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោកជំទាវ ជា សេរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះក្នុងបំណងឱ្យវិស័យធនាគារយកចិត្តទុក​ដាក់ខ្ពស់ក្នុងការប្រើប្រាស់ហិរញ្ញប្បទានដល់វិស័យផ្សេងៗ ដែលអាចផ្តល់ឥទ្ឋពលទៅលើ​សង្គម សេដ្ឋកិច្ច និងទៅលើបរិស្ថាន។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា គោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ ផ្ដោតសំខាន់ធនាគារ និងការធ្វើអាជីវកម្ម​ហិរញ្ញវត្ថុ ត្រូវគិតលើគោលការណ៍ធំៗបី គឺការធ្វើអាជីវកម្មត្រូវគិតពីមនុស្ស ត្រូវគិតអំពី​បរិស្ថានរស់នៅ ត្រូវគិតថាសាជិវកម្មនោះមានស្ថានភាពអ្វីខ្លះដែលនាំឱ្យមានផលប៉ះពាល់​ដល់បរិស្ថាន។ លោកបណ្ឌិតបានបន្ដថា ការចុះអនុស្សរណៈរួមគ្នានេះ គឺយើងមូលមតិគ្នាថា​ធ្វើ​តាមគោលការណ៍ទាក់ទងនឹងបរិស្ថាន ទំនាមទម្លាប់ការរស់ធ្វើយ៉ាងណារក្សាបរិស្ថាន​ឱ្យកាន់តែល្អ និងពន្យល់ទៅដៃគូអតិថិជនរបស់យើងទាំងអស់ ដែលទទួលសេវាហិរញ្ញវត្ថុ​ពាក់ព័ន្ធនិងផលប៉ះពាល់ដល់បរិស្ថានផងដែរ។ លោកបណ្ឌិតបញ្ជាក់ថា នេះមិនមែនប្បញ្ញត្តិ​នៃច្បាប់ទេ ប៉ុន្តែយើងនាំគ្នាមូលមតិដើម្បីសមាគមធនាគារនៅកម្ពុជាដែលមានសមាជិកទាំង ៤៥ បូកនិងមីក្រូហិរញ្ញវត្ថុចំនួនមួយផង ចូលរួមអនុវត្តន៍គោលការណ៍ហិរញ្ញវត្ថុប្រកប​ដោយ​ចីរភាពដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីឆ្នាំ២០១៩នេះទៅឱ្យបានល្អ។

ប្រធានគណៈកម្មការហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់សមាគមធនាគារ លោកស្រី ឡាយ រចនា បានបង្ហាញថា គោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព មានគោលការណ៍​ចំនួន ៩ ជាគន្លឹះសំខាន់ៗ ដែលបានដាក់ជូនឱ្យអនុវត្តន៍ដោយស្ម័គ្រចិត្តរួមមាន ទី១-ឱ្យធនា​គារ​ទាំងអស់ដែលជាសមាជិករបស់​សមាគមព្យាយាមជួយជំរុញការងារទាក់ទងនឹង​បរិស្ថាន ក្នុង​នោះធនាគារមួយៗជួយធ្វើការងារសាជីវកម្មធនាគារទៅលើធនធានធម្មជាតិ។ ទី២-ពាក់​ព័ន្ធនឹងការជួយការពារផ្នែកមនុស្សជាតិ រាប់បញ្ចូលទាំងសហគមន៍ក្នុងស្រុករបស់យើងទាក់​ទង នឹងការការពារសិទ្ធិរបស់កម្មករ ជាមួយជនជាតិភាគតិច ជាពិសេសពាក់ព័ន្ធនឹងយេនឌ័រ។ ទី៣-សមាជិករបស់សមាគមធនាគារនៅកម្ពុជាទាំងអស់ជួយការពារវប្បធម៌របស់ប្រទេស។ ទី៤- ធ្វើការពាក់ព័ន្ធនឹងការលើកកម្ពស់ផ្នែកការអប់រំ ជាមួយនិងបរិស្ថាន និងជំរុញឱ្យមាន​ការស្វែងយល់អំពីសេវាហិរញ្ញវត្ថុ និងការការពារអតិថិជនរបស់ខ្លួន ជាពិសេសការផ្តល់​ចំណេះដឹងផ្សេងៗពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុ។ ទី៥- សមាជិកធនាគារទាំងអស់អាចជួយជំរុញ​ពង្រីកសេវាធនាគារ ហិរញ្ញវត្ថុ និងសេវាផ្នែកហិរញ្ញវត្ថុទៅក្នុងតំបន់ដែលមិនទាន់ទៅដល់ ជាពិសេសផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពទៅសហគមន៍របស់យើង។ ទី៦-ផ្តោត​សំខាន់​ទៅលើការព្យាយាមពង្រីកនូវផលិតផលសេវាកម្មថ្មីៗពាក់ព័ន្ធនឹងធនាគារ ប៉ុន្តែ​ផ្តោត​សំខាន់លើសាជីវកម្មពាន់ព័ន្ធនឹងបរិស្ថាន និងសេវាកម្មផ្សេងៗរបស់ធនាគារ និងគោលការណ៍​ទី៧ ទី៨ និងទី៩-ផ្តោត​សំខាន់លើការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ ក្នុងនោះជំរុញឱ្យធនាគារ​សម្រេចចិត្តជួយបង្កើ​ត​ឱ្យមានស្តង់ដារមួយ ដើម្បីគាំទ្រផ្នែកបរិស្ថាន និងសង្គម ជាពិសេស​ជំរុញការផ្សព្វផ្សាយដល់សាធារណជនស្តីពីអតិថិជនរបស់ខ្លួន ដើម្បីឱ្យពួកគាត់យល់ដឹងអំពី​ស្តង់​ដារ​របស់ធនាគារដែលបង្កើត និងជួយជំរុញធ្វើឱ្យមានតម្លាភាព ចីរភាព ពាក់ព័ន្ធបរិស្ថាន និងសង្គមឱ្យកាន់តែប្រសើរឡើង៕

ដោយ ប៉ាល់ សុង