រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំបូកសរុបត្រីមាសស្តីពីការងារទេសចរណ៍ ដើម្បី​ជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ –ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមប្រជុំបូកសរុបត្រីមាស ស្តីពី ការងារ​ទេសចរណ៍ និងវឌ្ឍនភាពក្រុមការងារទាំង៥ ដើម្បីជួយពង្រឹងការគ្រប់គ្រង និង អភិវឌ្ឍន៍​ទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីធានាឱ្យមាននិរន្តរភាព ។ កិច្ចប្រជុំនេះ ធ្វើឡើង​នៅសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ ១០រោជ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៩ ។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានវាយតម្លៃការងារការក្នុង​ត្រីមាស​ទីមួយ ឆ្នាំ២០១៩នេះថា គឺ​មានភាពល្អប្រសើរ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍​ទេស​ចរណ៍តំបន់ឆ្នេរខេត្តព្រះសីហនុ ពិសេសការដឹកនាំរបស់រដ្ឋបាលក្រុង ខេត្ត ក្នុងការគ្រប់​គ្រង​មានការរីកចម្រើនប្រកបដោយអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈបានល្អ ហើយអ្វី​ដែលជោគជ័យក្នុងការគ្រប់គ្រងឆ្នេរ សមុទ្រ ទប់ស្កាត់ទឹកកខ្វក់ហូរចូលទៅសមុទ្រ។ ទន្ទឹមនេះ សម្រាប់អាងប្រព្រឹត្តិកម្មមួយចំនួនត្រូវបានបិទជាបណ្តើរៗក្នុងចំណោមអាងប្រព្រឹត្តិកម្មចំនួន ៤កន្លែងដែលកំពុងសាងសង់ជិតរួចរាល់នាពេលខាងមុខ នៅក្នុងក្រុងព្រះសីហនុ  ដើម្បី បូមបន្តទៅកាន់ស្ថានីយច្រោះនៅចុងឆ្នេរអូរឈើទាល នឹងបង្ហូរចូលទៅសមុទ្រ។

ឯកឧត្ដមបានបន្ដថា ទន្ទឹមនឹងការអភិវឌ្ឍរីកចម្រើន យើងត្រូវគ្រប់គ្រងឆ្នេរសមុទ្រ ឱ្យមានបរិស្ថាន អនាម័យ ប្រកបដោយសោភណភាព និងនិរន្តរភាពលើទស្សន​ទានសម្អាត​ឆ្នេរ​សមុទ្រ។   ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តទៀតថា គណៈកម្មការឆ្នេរបានធ្វើការបិទប្រឡាយ​ទឹក​ស្អុយហូរចូលសមុទ្រ ដើម្បីបូមទៅកាន់ស្ថានីយច្រោះនៅចុងឆ្នេរអូរឈើទាល ហើយសង្ឃឹមថា អាងចម្រោះទាំង៤ និងត្រូវសាង់សង់រួចរាល់នៅពេលខាងមុខ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា បានសម្រេចយកខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះក្នុងការប្រជុំអាស៊ាន ក្នុងនោះ​មាន​អាស៊ានបូក ចិន កូរ៉េ ជប៉ុន អូស្ត្រាលី អាម៉េរិក ។ល។  ដូច្នេះយើងត្រូវរួមគ្នារៀបចំកែលម្អ​បរិស្ថាន អនាម័យ និងសោភណភាព សណ្តាប់ធ្នាប់សង្គម ឱ្យកាន់តែមានភាពទាក់​ទាញ​បន្ថែមទៀត។ ឯកឧត្ដមបានធ្វើការព្រមានដល់ម្ចាស់អាជីវកម្ម ម៉ាហ្សា និងអាជីវកម្មផ្សេងទៀត ត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវ បើមិនដូច្នោះទេត្រូវបិទអាជីវកម្មនោះ ហើយបើអាជីវកម្មណា​ផុតសុពលភាព មិនបានទៅសុំថ្មី វាស្មើនឹងគ្មានអាជ្ញាប័ណ្ណដែរ ដូច្នេះយើងត្រូវបង្កើនការ​ផ្សព្វផ្សាយ ពង្រឹងការអនុវត្តច្បាប់។

សូមបញ្ជាក់ថា កិច្ចប្រជុំបូកសរុបត្រីមាស២០១៩នេះ ផ្តោតសំខាន់ទៅលើ​របៀបវារៈ​មួយចំនួន ដូចជា ក្រុមការងារគ្រប់គ្រងទេសចរណ៍, ក្រុមការងារទីក្រុងស្អាត, ក្រុមការងារ​ឧស្សាហកម្មទេសចរណ៍, ក្រុមការងាររៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងទេសចរណ៍, ក្រុម​ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ៕

ដោយ ងូ សុមុនី