ក្លិបបាល់ទាត់ភ្នំពេញក្រោនសហការជាមួយ Smart Axiata ២ឆ្នាំ និងបង្ហាញពីឯកសណ្ឋាន ថ្មី២ឈុត សម្រាប់លីគកំពូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩​ — ក្លិបបាល់ទាត់អាជីពដ៏ធំមួយនៅកម្ពុជា ភ្នំពេញក្រោន បានប្រកាសពីការសហការភាពជា ដៃគូជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Smart Axiata រយៈពេល២ឆ្នាំ ដោយបានប្តូរ ឈ្មោះកីឡដ្ឋាន RSN របស់ខ្លួនទៅជា Smart RSN Stadium ព្រមទាំងបង្ហាញឯកសណ្ឋានថ្មី២ ឈុត សម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៩ ដែលបានប្រារព្ធធ្វើឡើង កាលពីយប់ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ នៅកីឡដ្ឋានរបស់ខ្លួន។ក្នុងកម្មវិធីបង្ហាញដ៏ធំរបស់ខ្លួននេះទទួលបានការចូលរួមជាកិត្តិយសពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិក កម្ពុជា​ និងឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា ភាពជា ដៃគូនេះមានគោលបំណងក្នុងការបង្កើតកីឡាករ កីឡាការិនីបាល់ទាត់វ័យក្មេងជំនាន់ថ្មីមួយ តាមរយៈការផ្តល់ឱកាសជូនដល់ពួកគេក្នុងការសម្រេចគោលដៅក្នុងកីឡា និងបង្កើតមិត្តភាព ថ្មី តាមរយៈការលេងកីឡាដ៏មានប្រជាប្រិយភាពមួយនេះ។​ លោកពិតជារីករាយយ៉ាងខ្លាំង ក្នុងការគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោន សម្រាប់ប្រតិបត្តិការរបស់ពួកគេ។

លោកឧកញ៉ា រិទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោនគូសបញ្ជាក់ថា​ ការគាំទ្ររបស់ ក្រុមហ៊ុន Smart ពិតជាសំខាន់ក្នុងការអភិវឌ្ឍ ដើម្បីព្យាយាមស្វែងរកភាពជោគជ័យក្រប ខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩ និងរដូវកាល ២០២០ ព្រមទាំងអភិឌ្ឍន៍​ក្រុមបាល់ ទាត់នារី និងក្រុមថ្នាលយុវជន ហើយថែមទាំងបានប្រើប្រាស់ កីឡាបាល់ទាត់ជាឧបករណ៍ សម្រាប់ការអភិវឌ្ឍសង្គមផងដែរ។

សូមបញ្ជាក់ថា ក្លិបបាល់ទាត់ភ្នំពេញក្រោនធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា ៦សម័យកាល និងឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២សម័យកាល។ ក្លិបអាជីព ឈានមុខគេនៅកម្ពុជាមួយនេះបានចូលរួមយ៉ាងសកម្ម ក្នុងផលិតធនធានកីឡាករថ្នាលជា បន្តបន្ទាប់សម្រាប់ក្លិបរបស់ខ្លួន ក៏ដូចជាក្រុមជម្រើសជាតិផង ដែរ។ លោកឧកញ៉ាបានបន្ដថា អ្វីដែលពិសេសគឺក្លិបភ្នំពេញក្រោនបានប្រមែប្រមូលថវិកាសប្បុរសធម៌ចំនួន៣៥ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា គិតចាប់តាំងពីឆ្នាំ២០១៦ កន្លងមក រហូត ដល់បច្ចុប្បន្ន៕

ដោយ ហេង ណាលីន