រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៦ នៅថ្ងៃទី០១ ខែមេសា ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ — រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី៦ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រសាសន៍លើករបស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខា​ធិការរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ នាវិមានរដ្ឋសភា។

ឯកឧត្តមបន្តថា សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នេះ មានរបៀបវារៈចំនួន២ គឺ១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។ ២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦ ចាប់ពីខែទី១ រហូតដល់ខែទី៣នេះ។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភាបានបន្តទៀតថា សម័យប្រជុំនេះដែរក៏នឹង មានការបោះឆ្នោតជ្រើសតាំងលោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិឆ្នាំ(២០១៩-២០២៨) ព្រមទាំងមានការបោះឆ្នោតជ្រើសតាំងឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំងឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ៕

ដោយ ប៉ាល់ សុង