រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញនៅដើមខែមេសាខាងមុខនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គឡើងវិញនៅដើមខែមេសាខាងមុខនេះ បន្ទាប់ពីសម្រាករយៈពេល៣ខែ ដើម្បីចុះមូលដ្ឋានសួរសុខទុក្ខ ស្តាប់តម្រូវការ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។


ការសម្រេចយកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដើម្បីបើកសម័យប្រជុំលើកទី២ នីតិកាលទី៦ នៃរដ្ឋសភានេះ គឺធ្វើឡើងតាមការយល់ព្រមពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ក្នុងសម័យប្រជុំខាងមុខនេះ នឹងមានព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី២ នីតិកាលទី៦។ ការអានរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំ លើកទី១ និងលើកទី២ នៃនីតិកាលទី៦។ ការបោះឆ្នោតជ្រើសតាំងលោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ២០១៩-២០២៨។ ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា និងការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា៕