រាជរដ្ឋាភិបាលប្ដេជ្ញាលើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ ដើម្បីបង្កើនសកម្មភាពចូលរួមអភិវឌ្ឍន៍

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារីរតន: ៖


រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាមិនរាថយ និងលើកកម្ពស់ស្ថានភាពស្ត្រីនិងកុមារជាអាទិភាពក្នុងគោលដៅជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងលុបបំបាត់រាល់ទស្សនៈឬឥរិយាបទរើសអើងចំពោះស្ត្រីសំដៅបង្កើនការចូលរួមសកម្មភាពរបស់ស្ត្រីក្នុងការអភិវឌ្ឍប្រទេសជាតិ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីសមិទ្ធផល និងផែនការសកម្មភាពឆ្លើយតបនឹងអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ ថ្ងៃទី២៦ ខែមីនានះ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា លើកកម្ពស់ស្ថានភាពស្ត្រី និងកុមារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានេះ គឺធ្វើឡើងតាមរយៈការបញ្ជ្រាបសមភាពយេនឌ័រដល់ស្ត្រី ព្រមទាំងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ដែលពង្រឹងដល់សមត្ថភាពឲ្យស្ត្រីមានសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈដែលអាចអនុវត្តបាននៅក្នុងជីវភាពសេដ្ឋកិច្ច និងសង្គម។
«ការផ្ដល់ឱកាសការងារ ការកសាងសហគ្រិនភាព និងពង្រឹងភាពអង់អាចនៃផ្នែកសេដ្ឋកិច្ច របស់ស្ត្រី បង្កើនឱកាសរៀនសូត្ររបស់ស្ត្រីនិងក្មេងស្រី ជាពិសេសនៅកម្រិតមធ្យមសិក្សា និងឧត្ដមសិក្សា។ បង្កើនសមត្ថភាព សមាមាត្រស្ត្រីក្នុងស្ថាប័នសាធារណៈ ដើម្បីឲ្យស្ត្រីបានចូលរួមកាន់តែច្រើនឡើង ក្នុងការដឹកនាំ និងការធ្វើសេចក្តីសំរេច នៃអភិបាលកិច្ច ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពង្រឹងការអនុវត្តច្បាប់ ស្ដីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ»។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្ត្រី ដែលបានរួមចំណែករាល់សកម្មភាពជាច្រើន និងលើកទឹកចិត្តដល់ស្ត្រី ដែលបានបំរើការងារគ្រប់វិស័យនានា ព្រមទាំងបានបញ្ជ្រាបយេនឌ័រតាមស្ថាប័នរដ្ឋ និងស្ថាប័នឯកជនជាច្រើនផងដែរ។
សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយអំពីសមិទ្ធផល និងផែនការសកម្មភាពឆ្លើយតបនឹងការលើកកម្ពស់សមសភាពយេនឌ័រនេះ នៅខេត្តកំពង់ធំ មានរយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមីនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អាជ្ញាធរខេត្តកំពង់ធំ ព្រមទាំងមានសិក្ខាមមកពីខេត្តបាត់ដំបង កំពង់ឆ្នាំង កំពត កែប និងខេត្តកំពង់ធំ សរុប១២៥នាក់៕