រាជរដ្ឋាភិបាលកម្ពុជា អះអាងថា បន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិការងារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា បន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ដើម្បីបង្កើនប្រសិទ្ធភាពការងារដល់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង។


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈការពង្រឹងប្រព័ន្ធអធិការកិច្ចការងារ ការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ស្របតាមអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប១០០ឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍ លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែមីនានេះ បានបន្តថា រាជរដ្ឋាភិបាល ក៏បានបន្តការអភិវឌ្ឍទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការបង្កើតឲ្យមានយន្តការត្រីភាគីសម្រាប់សំវាទសង្គម និងការដោះស្រាយបញ្ហាជាច្រើនទាក់ទង នឹងសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក មានជាអាទិ៍ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការដោះស្រាយវិវាទការងារប្រកបដោយវិជ្ជាជីវៈ និងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន។
សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជាបានបង្កើតការងារក្នុងអត្រាជាង៩៩ភាគរយ នៃកម្លាំងពលកម្មសរុបប្រមាណជា១០លាននាក់ ក្នុងនោះកម្លាំងពលកម្មក្នុងសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួនជិត១ម៉ឺន៣ពាន់ ដែលមានកម្មករនិយោជិតជាង១លាន៥សែននាក់ សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបជិត៦សែន ដែលមានកម្មករនិយោជិត២លាន៤សែននាក់ វិស័យកសិកម្ម ប្រមាណជាង៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណជា១លាន២សែននាក់ និងមន្ត្រីសាធារណៈចំនួនប្រមាណជាង៥សែននាក់។ បន្ថែមលើនេះ រាជរដ្ឋាភិបាល បានអភិវឌ្ឍន៍សេវារកការងារធ្វើជូនប្រជាពលរដ្ឋ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ សម្រាប់ការងារក្នុងប្រទេស និងតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ សម្រាប់ការងារក្រៅប្រទេស។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ ចំនួនសហជីព ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសរុប៤.៨៣៨ ក្នុងនោះ សហជីព មូលដ្ឋានមានជាង៤.៦០០ សហព័ន្ធសហជីព មាន១៨០ សហភាពសហជីព មាន២៨ និងសមាគមនិយោជកមានចំនួន៩។
យោងតាមការវាយតម្លៃរបស់អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO បានបង្ហាញថា ការគោរពលក្ខខណ្ឌការងារតាមរោងចក្រនៅកម្ពុជា មានភាពប្រសើរជាងមុន ដោយកើនឡើងពី៣២ភាគរយ ដល់៤១ភាគរយ នៅត្រឹមដំណាចឆ្នាំ២០១៨កន្លងទៅនេះ៕