ប្រមុខរាជរដ្ឋាភិបាលប្រកាស ហាមមិនឱ្យលក់ដាច់ខាតនូវទីតាំងCDRI ដែលកន្លែងនេះ ស្មើនឹងកូនបង្កើត​របស់​សម្តេច

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសយ៉ាង​ម៉ឺងម៉ាត់ថា មិនឱ្យមានការលក់ទីតាំងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ កម្ពុជា (CDRI)ឡើយ ដែលសម្ដេចតេជោបានចាត់ទុកទីតាំងនេះគឺស្មើនឹងកូនបង្កើត​របស់​សម្ដេច​មួយផងដែរ។

ក្នុងពិធីបើសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ឆ្នាំ២០១៩ ដែលធ្វើឡើង នៅសណ្ឋាគារ The Great Duke នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានខែមកនេះមានការៀបចំ ស្នើសុំប្តូរទីតាំងCDRI បច្ចុប្បន្ន​នេះ ធ្វើជាវិស័យឯកជន រួចហើយយកកន្លែងធ្វើជាទីតាំងថ្មី ឬមួយផ្នែកកសាង​អគារសម្រាប់​CDRI និងមួយផ្នែកទៀតសម្រាប់វិស័យឯកជន។ សម្តេចតេជោបានគូសបញ្ជាក់ថា “ខ្ញុំសូម​បញ្ជាក់ថា ខ្ញុំសូមបដិសេធរូចហើយ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាដីនៅកន្លែងនេះ ដាច់ខាតមិនត្រូវ​ប្រគល់ឱ្យ​អ្នកណាទេ ក្រៅពីទុកប្រើប្រាស់ទៅលើបញ្ហាស្រាវជ្រាវ”។ សម្តេចតេជោក៏បានលើក​ឡើងថា ទីតាំងរបស់CDRI នាពេលបច្ចុប្បន្ននេះ មានប្រវត្តិវែងឆ្ងាយ ដោយកាលពីឆ្នាំ១៩៩០ ដែលមាន​លោក ស្រី អីវ៉ា និងឯកឧត្តម ជា ចាន់តូ យើងបានប្រឹងប្រែងធ្វើកន្លែងនេះ ដើម្បី បង្កើតធនាគារ​ខួរក្បាល ដែលមានរហូតមកដល់ពេលនេះ បើគិតទៅមានអាយុ២៩ឆ្នាំហើយ។ ដូច្នេះ បើទោះបី​ជាកន្លែងនេះត្រូវបាក់បែក ក៏ត្រូវរក្សាទុកប្រមូលធនធាន ដើម្បី​ជាកន្លែង​នេះ សម្រាប់​ធ្វើការនៃវិទ្យាស្ថានបន្តទៀត។ សម្ដេចតេជោបានអះអាងថា “ចាត់ទុកកន្លែងនេះ គឺជាកូន​បង្កើតដែលខ្ញុំបានបង្កើតវាឡើង ដោយផ្តល់ដី និងថែមទាំងទីតាំងពីពេលនោះ​រហូត​មក​ពេលនេះ។ អីញ្ចឹង សូមកុំឱ្យអ្នកណាមួយផ្តួចផ្តើមគំនិតទាក់ទិននឹងដីនេះ ឱ្យសោះ ។ ប្រសិន​បើជាមន្ត្រីរាជរដ្ឋាភិបាល ខ្ញុំមិនអាចប្រាប់ និងណែនាំពួកគេទៀតទេ យើងបានធ្វើអំពី​កិច្ចការមួយចំនួនពីការដោះដូរអគារនេះ អាគានោះនៅពេលយើងគ្មានប្រាក់។ ឥឡូវកន្លែង​ដែល​យើងដោះដូរនោះក្លាយជាក្រសួង ស្ថាប័នធំៗ រួចទៅហើយ”។ សម្តេចតេជោក៏បានបន្ថែម​ថា ប៉ុន្តែ CDRI មានប្រវត្តិជិត៣០ឆ្នាំមកហើយ ដោយគ្មានការដោះដូរទីតាំងនោះទេ។ សម្ដេចតេជោបានប្រកាសបញ្ជាក់សារជាថ្មីថា សម្រាប់ទីតាំងនេះ ហើយនេះមិនមែនជារឿងថ្មី​សម្រាប់ ​ហ៊ុន សែន ទេ វាជារឿងចាស់របស់ ហ៊ុន សែន ដែលបានបង្កើតស្ថាប័នខួរក្បាល គឺCDRI តាំងពីលោកស្រី អី វ៉ា និងឯកឧត្តម ជា ចាន់តូ ហើយសម្ដេចទៅកន្លែងនេះមុនគេ៕

ដោយ ប៊ុនរិទ្ធ