ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ផ្តល់ជូនគ្រួសារភ្លើងឆេះផ្ទះ នៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ណយ ច័ន្ទតារា អនុប្រធាន និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា និងសហការីស្រុក បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន៥២៥.០០០រៀល
ផ្តល់ជូនគ្រួសារភ្លើងឆេះផ្ទះ ឈ្មោះ សួន សុវឿន ភេទស្រីអាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចលូបាក់ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី វេលាម៉ោង ០៨ និង ១០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បណ្តាលឱ្យ
ប្រាក់ដុល្លារចំនួន៣០០០ ដុល្លា ប្រាក់រៀលចំនួន ៩០ម៉ឺនរៀល សំភារៈប្រើប្រាស់កង្ហារ គ្រែ ពូក ភួយ មុង ត្រូវបានខូចខាតទាំងស្រុង។

លោក ណយ ចន្ទ័តារា អនុប្រធាន ស ស យ កខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោកតែងតែគិតគូរពីប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រួសាររងគ្រោះដោយបញ្ហាផ្សេងៗ។ ជាក់ស្តែង គ្រួសាររងគ្រោះភ្លើងឆេះផ្ទះនាពេលនេះ លោកប្រធានស.ស.យ.កខេត្ត បានចាត់តាំងឱ្យក្រុមការងាររបស់លោក នាំយកថវិកាដែលចូលរួមពីស.ស.យ.កខេត្ត និងស្រុក បានចំនួន៥២៥.០០០រៀល ដើម្បីផ្តល់ជូនដល់គេហដ្ឋានគ្រួសាររងគ្រោះផ្ទាល់។

លោក ណយ ចន្ទ័តារា បានបញ្ជាក់ថា ក្នុងនោះ ក៏មានការចូលរួមឧបត្ថម្ភពីសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ មី តង់ ឃីត១កញ្ចប់ និងថវិកា ៤៥ម៉ឺនរៀល ដោយឡែកសម្ពន្ធយុវជនស្រលាញ់សន្តិភាពកម្ពុជាខេត្ត ឧបត្ថម្ភថវិកា៣០ម៉ឺនរៀល ហើយក៏មានការចូលរួមពីលោក ផន សំអន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនណាំលៀ បានឧបត្ថម្ភគ្រែ១ និងក៏មានការឧបត្ថម្ភពីសប្បុរសមួយចំនួន សរុបថវិកាទាំងអស់ ១.៣៩៥.០០០រៀលផងដែរ៕