ឯកឧត្ដមឧត្តមសេនីយ៍ឯក ស ថេត ៖ នៅពេលខាងមុខនឹងមានការធ្វើតេស្តទឹកនោមលើមន្ត្រីនគរបាល បើរកឃើញថាមានសារធាតុញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋភ្លាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ -ឯកឧត្ដមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ទិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ថា នៅពេលខាងមុខនេះនឹងមានការធ្វើតេស្តទឹកនោមលើមន្ត្រីនគរបាល។  ឯកឧត្ដមក៏បានបញ្ជាក់យ៉ាងមុតមាំថា ប្រសិនបើជាមន្រ្តីនគរបាលរូបណារកឃើញមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋភ្លាមៗតែម្ដង ។

ដោយឯកឧត្ដមបានសរសេររៀបរាប់ថា ខ្ញុំសង្កេតឃើញថាមន្រ្តីនគរបាលមួយចំនួនដែលបានមកចូលរួមគោរពទង់ជាតិ មានចំនួនថេរជាង ៦០០នាក់ ដោយសារកងកម្លាំងមួយចំនួនជាប់បំពេញបេសកកម្ម ហើយនេះជាការគោរពវិន័យដ៏ល្អ ព្រោះថាការងារតូចធំ អាចសម្រេចទៅបានដរាបណាទាល់តែមានវិន័យ និងដឹងអំពីភារកិច្ចរបស់ខ្លួន។ នៅពេលគោរពទង់ជាតិ ខ្ញុំក៏បានលើកឡើងអំពីការវិវត្តន៍សភាពការណ៍ថ្មីៗ នៅក្នុងប្រទេស និងក្រៅប្រទេស ដល់កងកម្លាំង ហើយខ្ញុំក៏បានប្រកាសថា មន្រ្តីនគរបាលដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយនៅពេលខាងមុខនឹងធ្វើតេស្តទឹកនោម ប្រសិនបើរកឃើញមន្រ្តីនគរបាលណាមានសារធាតុញៀន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយមិនមានការយោគយល់អ្វីឡើយ ៕

ដោយសួស សំរិត