ផ្ទះប្រជាពលរដ្ឋចំនួន 5 ខ្នងនិងសាលារៀន1ខ្នងបានរងឥទ្ធិពលខ្យល់កន្ត្រាក់នៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

នៅខេត្តស្ទឹងត្រែងកាលពីថ្ងៃទី 23 ខែមិនាឆ្នាំ 2019ភៗអាកាសធាតុបានឡើងកំដៅរហូតដល់ ទៅ 4០ អង្សាសេប៉ុន្តែនៅល្ងាចបែជាមានភ្លៀងធ្លាក់បង្កអោយមានខ្យល់កន្ទ្រាក់ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន 5 ខ្នងនិងសាលារៀនត្រូវបានរន្ទះបាញ់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។


ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះពួកគាត់មានការបាក់បែកនិងរបើកស័ង្កសីនោះបានរៀបរាប់ថានៅល្ងាចកើតហេតុ មេឃឡើងកំដៅក្តៅរហូតដល់4០ អង្សាសេ បន្ទាប់ពីកំដៅឡើងក្ដៅខ្លាំង នៅម៉ោងប្រមាណ 3 និង 30 នាទីល្ងាច មេឃស្រទុំហើយក៏មានភ្លៀងធ្លាក់ស្រិចៗបង្កឱ្យមានខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន 5 ខ្នងនិងសាលារៀនមួយខ្នងត្រូវរន្ទះបាញ់ធ្វើឱ្យខូចខាតយ៉ាងដំណំ។


ប្រជាពលរដ្ឋបន្តថាខ្យល់កន្ត្រាក់បង្កឲ្យផលប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន 5 ខ្នងក្នុងនោះគឺមានផ្ទះខ្លះបាក់ជណ្តើរខ្លះទៀតរបើកស័ង្កសីនិងផ្ទះខ្លះទៀតធ្លាក់ពីលើជើងតាង និងបានធ្វើឲ្យប៉ះពាល់ដល់សម្ភារៈរបស់ពួកគាត់ដែលនៅក្នុងផ្ទះខូចខាតមួយចំនួននិងធ្វើឲ្យពួកគាត់មិនមានកន្លែងដេកអស់រយៈពេល 1 យប់។
ចំណែកសាលារៀនមួយខ្នងត្រូវបាន រងន្ទះបាញ់ចំដងទង់ជាតិនិងប៉ះពាល់ដល់សិស្សចំនួន 4 នាក់របួសស្រាល ម៉ូតូចំនួន 4 គ្រឿងត្រូវបានខូចខាតផងដែរ។


នៅក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នេះនៅព្រឹកថ្ងៃទី 24 ខែមីនានេះអាជ្ញាធរពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យមើលកន្លែងកើតហេតុនិងស្រង់យកទិន្នន័យផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ដើម្បីរៀបចំនូវសម្ភារៈមួយចំនួនជូនដល់ពួកគាត់។
អាជ្ញាធរមូលដ្ឋានក៏បានឲ្យដឹងដែរថាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់នៅរសៀលថ្ងៃទី 24 មីនានេះសាខាកាកបាទក្រហមកម្ពុជាថ្នាក់ខេត្តនឹងធ្វើការដឹកជញ្ជូននូវគ្រឿងឧបភោគបរិភោគនិងសម្ភារះមួយចំនួនជូនដល់ពួកគាត់ដើម្បីធ្វើការដោះស្រាយបានមួយរយៈ ទំរាំពួកគាត់រៀបចំសាងសង់ធ្វើផ្ទះឡើងវិញ៕