រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់មន្រ្ដីសុខាភិបាលក្នុងខេត្ដកំពង់ធំ ត្រូវយកចិត្ដទុកដាក់​បន្ថែមទៀត ​ក្នុង​ការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព

AKP កំពង់ធំ ថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារផ្តល់សេវា​សុខាភិ​បាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងបានណែនាំដល់មន្ត្រីដែលបម្រើ​ការនៅ​តាមមន្ទីរពេទ្យខេត្តកំពង់ធំ ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការយកចិត្តទុកដាក់ និងការផ្តល់សេវា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ។ ការណែនាំនេះ គឺបាន​ធ្វើឡើងក្នុងឱកាសចុះត្រួតពិនិត្យការងារផ្តល់សេវា​សុខាភិ​បាល នៅតាមមូលដ្ឋាន​សុខាភិ​បាល​សាធារណៈនៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ធំ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានមានប្រសាសន៍ជំរុញដល់មន្ត្រី​សុខាភិបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែម ទៅលើការអនុវត្តនូវគោលនយោបាយ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើ​ការ​ប្រើប្រាស់មូលនិធិសមធម៌ ក៏ដូចជា ការអនុវត្តន៍នូវគោលនយោបាយគាំពារ សុខភាព​សង្គម តាមរយៈបេឡាជាតិរបបសន្ដិសុខសង្គម(ប.ស.ស)។ ឯកឧត្ដមបានបញ្ជាក់ថា ក្នុង​រដូវក្តៅនេះ មន្ទីរសុខាភិបាលខេត្ត ត្រូវធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ​ក៏ដូចជាអ្នកកំដរអ្នកជំងឺ ឱ្យចេះការពារខ្លួនកុំឱ្យមានជំងឺ ដោយចេះការពារ និងសង្គ្រោះបឋម។

ទន្ទឹមនេះ ចំពោះការការពារនេះ ក្នុងរដូវក្ដៅ ធ្វើឱ្យយើងបាត់បង់នូវជាតិទឹក ដូច្នេះត្រូវហូប ទឹកឱ្យបានច្រើន និងចៀសវៀងការបរិភោគភេសជ្ជៈផ្អែម និងកុំនៅក្រោមកំដៅថ្ងៃយូរពេក។ ត្រូវស្លៀកសម្លៀកបំពាក់ស្ដើងៗ និងពណ៌ស្រាលៗ ដែលមិនសូវស្រូបកំដៅថ្ងៃ និងស្លៀកពាក់​ខោ​អាវវែង ហើយពេលចេញទៅក្រៅត្រូវពាក់មួក និងប្រើឆ័ត្រ ដើម្បីការពារ។ ត្រូវប្រកាន់ខ្ជាប់​នូវអនាម័យជាប់ជានិច្ច ដោយការបរិភោគចំណីអាហារ ត្រូវស្អាត មានអនាម័យល្អ ទុកដាក់​ម្ហូបឱ្យបានត្រឹមត្រូវ របស់ឆៅ របស់ស្រស់ ឱ្យមានរបៀបកុំនៅច្របូកច្របល់គ្នា ត្រូវចម្អិនម្ហូប​ឱ្យឆ្អិនល្អ កាលណារដូវក្ដៅអាហារងាយនឹងជូរផ្អូម ពេលហូបទឹក ទឹកនោះត្រូវតែស្អាតមាន​អនាម័យ និងទឹកឆ្អិន រួមទាំងត្រូវសម្អាតចង្រ្គាន និងបរិវេណជុំវិញដើម្បីចៀសវាង​នូវការ​ចម្លងរោគផ្សេងៗ ជាពិសេសចៀសវាងការហូបអាហារក្ដៅ និង អាហារច្រើនពេក។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវ​ត្រៀមលក្ខណៈឱ្យរួចជាស្រេច ក្នុងការចាំជួយសង្គ្រោះប្រជាពលរដ្ឋ ប្រសិនបើករណីណាមួយ កើតឡើងដោយសារតែអាកាសធាតុក្តៅនេះ។ ទន្ទឹមនេះ ឯកឧត្តមក៏បានក្រើនរម្លឹកជាថ្មីដល់​ប្រជា​ពលរដ្ឋទូទាំងប្រទេស ពិសេសលើកុមារ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច ត្រូវ សម្អាតខ្លួនប្រាណ លាងដៃឱ្យបានស្អាត​ ដើម្បីជៀសផុតពីជំងឺសើស្បែក ពងបែក ជាពិសេស ជំងឺឆ្លងផ្សេងៗ៕

ដោយ អ៊ុន រិទ្ធី(ប្រភព៖មន្ទីរព័ត៌មានខេត្ដកំពង់ធំ)