អភិបាលខេត្ដកំពត ចាត់ទុកយុវជនជាធនធានគន្លឹះ ដែលមានតម្លៃខ្ពស់បំផុត​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការរក្សាសន្តិភាព

AKP កំពត ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ — អភិបាលខេត្ដកំពត បានចាត់ទុកថា យុវជនគឺជាធនធានគន្លឹះ ដែលមានតម្លៃខ្ពស់បំផុត​សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព។ ពិធីបំពាក់ឯកសណ្ឋានជូនដល់យុវជន​កាកបា​ទក្រហមកម្ពុជា ដែលទើបជ្រើសរើសថ្មី និង ទទួលបានការបណ្តុះបណ្តាល​យល់ដឹង​ជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍ ចន្ទ ក្រហម និងវិជ្ជាសង្គ្រោះបឋមចំនួន​១.១៤៥​នាក់ មកពីវិទ្យាល័យចំនួន១៤  នៅក្នុង​ខេត្ត កំព​ត កាលពី​ថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលខេត្ដ និងប្រធាន​កិត្តិ​យស​សាខាកាកបាទ​ក្រហម​​កម្ពុជាខេត្តកំពត បានមានប្រសាសន៍ថា នៅគ្រប់សម័យកាល  យុវជនជាកម្លាំង​ស្រួច​ដែលបានបញ្ចេញកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្ត​ក្លាហាន ពុះពារ​មិន​រារែកគ្រប់ឧបសគ្គនានា ពិសេសយុវជនគឺជាសសរទ្រូង​​របស់ប្រទេស ជាតិទាំងនៅ​ពេល​បច្ចុប្បន្ន និងទៅអនាគត។ ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំបំពាក់ឯកសណ្ឋាននេះគឺ ដើម្បី​បំពេញបន្ថែមសមាជិកយុវជនដែល​បាន​ប្រឡងចេញ ឬត្រូវបន្តការសិក្សានៅថ្នាក់ឧត្តម​សិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌។

​ ឯកឧត្ដមបានបន្ដ​ថា កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហម​កម្ពុជា គឺជាអ្នកស្ម័គ្រ​ចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវា​កម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “យុវជនកំពុងនាំគ្នាធ្វើសកម្មភាពយុវជន ជាភ្នាក់ងារនៃការផ្លាស់ប្តូរ​ឥរិយា​បថក្នុងសង្គម” ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ដ ក៏បានបំពាក់កន្សែងជូនដល់យុវជន និង​បានឧបត្ថម្ភថវិកាដល់យុវជនកាក​បាទក្រហមកម្ពុជា ចំនួន១១៤៥នាក់  ក្នុងម្នាក់ៗ ១០.០០០​រៀល និងទីប្រឹក្សាយុវជនកាកបាទ​ក្រហមកម្ពុជា ចំនួន២៨នាក់ ក្នុងម្នាក់ៗ ៤០.០០០រៀល​ផងដែរ៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖មន្ទីរព័ត៌មានខេត្ដកំពត)