អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់រង្វាន់ជ័យ​លាភីប្រឡងគំនូរសិស្សបឋមសិក្សា ជូនដល់សិស្សឆ្នើមនៅស្រុកជីក្រែង

AKP សៀមរាប ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ — អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានអញ្ជើញប្រគល់​រង្វាន់​ជ័យលាភីប្រឡងគំនូរដល់សិស្សជាប់ជ័យលាភី នៅស្រុក​ជីក្រែង ខេត្ដសៀមរាប ដើម្បី​អបអរសាទរខួប​លើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩។ ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីប្រឡងគំនូរសិស្សបឋមសិក្សាកម្រិតសាខា អបអរសាទរខួប​លើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោម​ប្រធានបទ “ខ្ញុំស្រឡាញ់ កាកបាទក្រហមកម្ពុជា” កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានមាន​ប្រសាសន៍ថា នេះជាលើកទី៧ហើយ ចាប់តាំងពីឆ្នាំ២០១៣ ដែល​ប្អូនៗ សិស្សានុសិស្សសា​លាបឋមសិក្សា ក្នុងខេត្តសៀម​រាប បានខិតខំប្រឹងប្រែងរិះគិត និង បញ្ចេញស្នាដៃគូរ គំនូរ​បង្ហាញខ្លឹមសារចម្រុះវិស័យនៃសកម្មភាពមនុស្សធម៌កាក​បាទ​ក្រហម​កម្ពុជា ទោះបីជារូបគំនូរ​​ដែលដាក់បង្ហាញនៅទីនេះមិនមានទ្រង់ទ្រាយដូចគំនូរមនុស្សធំគូរក្ដី តែនេះពិតជាស្នាដៃ ដ៏​ប្រសើរ ក្នុងការចូលរួមផ្សព្វផ្សាយពីចលនាមនុស្សធម៌តាំងពីមូលដ្ឋាន​ឡើងទៅ។

សូមបញ្ជាក់ថា ក្នុងការគូរគំនូរនេះដែរ កុមារី ខុន ណារី សិស្សថ្នាក់ទី ៦ខ នៃសាលា​បឋមសិក្សា ហ៊ុន សែន ស្នាដៃគំរូ ទទួល បានជ័យលាភីលេខ១ កុមារី ហេង ម៉ីលីម សិស្សថ្នាក់​ទី ៦ខ នៃសាលា បឋមសិក្សា ស្ពានត្នោត ទទួលបានជ័យលាភីលេខ២ កុមារា អ៊ុត លីឈួង សិស្សថ្នាក់ទី ៦ក នៃសាលា បឋម សិក្សា ក្របីរៀល ទទួលបានជ័យលាភីលេខ៣ កុមារា យ៉ិន វិលាល សិស្សថ្នាក់ទី ៦ក នៃសាលាបឋមសិក្សាក្របីរៀល ទទួលបានជ័យលាភីលេខ៣ ស្ទួន។  រីឯរង្វាន់ជ័យលាភី និងរង្វាន់លួងចិត្តដែលបាន ប្រគល់ជូនប្អូនៗមាន៖ សៀវភៅ៥​ក្បាល ប៊ិក២ដើម ខ្មៅដៃ១ដើម ជ័រលុប១ សាប៊ូក្រអូប២ដុំ ថ្នាំដុសធ្មេញ១បំពង់ ច្រាស ដុស​ធ្មេញ​១ដើម និងថវិកា២ម៉ឺនរៀល។ ដោយឡែក ជ័យលាភីលេខ១ទទួលបាន ថវិកា ៥ម៉ឺនរៀល, ជ័យលាភីលេខ២ ថវិកា ៤ម៉ឺនរៀល, ជ័យលាភីលេខ៣ ថវិកា ៣ម៉ឺនរៀល៕

ដោយ អ៊ុន រិទ្ធី(ប្រភព៖ មន្ទីរព័ត៌មានខេត្ដសៀមរាប)