រថយន្តម៉ាក Land Rover Discovery Sport 2019 ចាប់ផ្ដើមបង្ហាញវត្ដមាននៅលើទីផ្សារកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ — ដោយពិនិត្យឃើញពីភាពរីកចម្រើននៃសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការកើនឡើងជាបន្ដបន្ទាប់នោះ ក្រុមហ៊ុន Jaguar Land Rover បាន​នាំចូលរថយន្ត សេរីថ្មីទំនើប ម៉ាក LandRover Discovery Sport  2019 ដើម្បីនាំចូល​យកមក​ដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ក្នុងពិធីសម្ពោធជាផ្លូវការ កាលពីរាត្រីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Le Roral Hotel ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន និង​លោកជំទាវ ព្រមទាំងមានការចូលរួមពីឯកអគ្គរាជទូតចក្រភពអង់គ្លេស ភ្ញៀវជាតិ និងអន្តរ​ជាតិ និងបណ្តាអ្នកវិនិយោគិនជាបច្រើនរូផងដែរ ។

លោក Ulf Sebecke នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់នៅទីតាំងប្រវត្តិសាស្រ្ត និងប្រពៃ​ណី ទំនៀមទម្លាប់ និងវប្បធម៌បែបបុរាណ កាលពីសម័យមុនៗ រួមបញ្ចូលនៅក្នុងការ​ផ្សព្វ​ផ្សាយេនះ គឺក្រុមហ៊ុនចង់បង្ហាញពីយុទ្ធសាស្រ្តចក្ខុវិស័យ នៅក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍ វប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ លោកបានបន្ដថា តាមរយៈបច្ចេកវិទ្យាទំនើប នៃ ផលិតផលរបស់ក្រុមហ៊ុន Jaguar Land Rover គឺតែងតែមានការគោរពយ៉ាងជ្រាលជ្រៅ​ចំពោះ​បេតិកភណ្ឌកម្ពុជា និងបានចូលរួមចំណែកជាផ្នែកមួយនៃការធ្វើដំណើរឆ្ពោះទៅ​អនាគត​ ដែលមិនអាចបំភ្លេចអតីតកាល និងរួមចំណែកឆ្ពោះទៅរកភាពរុងរឿងនៃ ប្រជាជាតិ និងកូនចៅជំនាន់ក្រោយ។ លោកនាយកក្រុមហ៊ុនបានបន្ថែមថា តាមរយៈការរៀបចំ សិល្បៈ​បែបបុរាណខ្មែរ នៅក្នុងពិធីដាក់សម្ពោធនេះ គឺដើម្បីជាការឆ្លុះបញ្ចាំងពីភាពអស្ចារ្យ នៃ​ប្រពៃណី និងវប្បធម៌របស់ប្រជាជាតិខ្មែរ ដែលទាំងនេះស្របគ្នាជាមួយតម្លៃ​ស្នូលរបស់​ស្នូល​របស់ Land Rover ដែលលើកឡើងថា Above and Beyound។

ទន្ទឹមនេះ ការសម្ដែ​ង​សិល្បៈ ដែលមានការឈ្នះសង្គ្រាមរបស់មេទ័ពពល នៅក្នុងសង្គ្រាម ក៏បង្ហាញនូវកំណើនកើន ឡើង​នូវកំណើនទីផ្សាររបស់ Land Rover នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនបានផ្តល់នូវលក្ខណៈពិសេស ៥ យ៉ាងទៅដល់អតិថិជន រួមមាន ហិរញ្ញប្បទាន រយៈពេល៥ឆ្នាំ ការធានារយៈពេល៥ ឆ្នាំ សេវាត្រូតពិនិត្យ ដែលមានការកំណត់ច្បាស់លាស់ រយៈពេល៥ឆ្នាំ។ លោកក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែ​ជួយលើកស្ទួយលើគ្រប់វិស័យ រួមទាំងវិស័យពាណិជ្ជកម្មអន្តរជាតិ ហើយក៏តែងតែយកចិត្តទុក​ដាក់ក្នុងការការពារសុខសន្តិភាព និងឯករាជ្យជាតិ ជូនប្រជាពលរដ្ឋគ្រប់រូប ពិសេសផ្តល់​នូវការជំនឿទុចិត្តខ្ពស់ដល់អ្នកវិយោគទុន ទាំងជាតិ និងអន្តរជាតិ ដែលធ្វើការបោះទុនវិនិ​យោគនៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសម្ដែងនូវការរីករាយ ដោយបាន​ឃើញ​ក្រុមហ៊ុន Jaguar Land Rover នាំចូលនូវរថយន្តទំនើប ម៉ាក LandRover Discovery Sport  2019 មកលក់នៅក្នុងងទីផ្សារកម្ពុជា ហើយរថយន្តប្រភេទនេះ គឺមាន ការពេញនិយម​ចូលចិត្ដសម្រាប់យុវវ័យ ។ ឯកឧត្តមបានលើកឡើងថា កាលពីទសវត្សមុន រថយន្ត ម៉ាក Land Rover គឺប្រដូចបានទៅនឹងនារី ដ៏ស្រស់ស្អាតនៅលើដងផ្លូវ ដែលមានភាពរលូន ប៉ុន្តែមិន ទន់ជ្រាយនោះទេ។ ឯកឧត្តមបានបញ្ជាក់ថា ទាំងនេះប្រៀបដូចជានារីខ្មែរផងដែរ ដែលកាលពី​សម័យមុន អ្នកវិនិយោគចិនមកកម្ពុជាតែងបានយកនារីខ្មែរធ្វើជាភិរិយា ព្រោះនារីខ្មែរ មាន​ភាព​រឹងមាំ អត់ធ្មត់ ​ស៊ូទ្រាំគ្រប់កិច្ចការងារ ហើយថែមពូកែរកស៊ីថែមទៀតផង។ ឯកឧត្ដមរដ្ឋ​មន្រ្ដី​ក៏បានជំរុញដល់ដំណើរការរកស៊ី និងវិនិយោគរបស់ក្រុមហ៊ុន Jaguar Land Rover ឱ្យ​ទទួល​បានជោគជ័យ និងលក់ដាច់រថយន្តនេះកាន់តែច្រើនបន្ថែមទៀត នៅក្នុង​ប្រទេស​កម្ពុជា។

សូមបញ្ជាក់កថា ក្នុងឱកាសនៃពិធីសម្ពោធរថយន្ត សេរីថ្មីទំនើប ម៉ាក Land Rover Discovery Sport  2019 នោះដែរ ក្រុមហ៊ុន Jaguar Land Roverនិងសម្អាងការ នួនស្រី បាន​រៀបចំការសម្ដែងសិល្បៈបុរាណ មានជារបាំទៀន​ជាទម្រង់បុរាណ របាំបាឡេ និងហនុមាន ដោយក្រុមសិល្បករ សិល្បការិនី ក៏ដូចជាការរៀបអាពាហ៍ពិពាហ៍ បែបសាសនា​របស់ខ្មែរ ការ​សម្ដែងឈុតឆាក មេទ័ពពល ប្រយុទ្ធតតាំងគ្នា ទទួលបានជ័យជម្នះ ដែលជ័យ​ជម្នះនេះហើយ បាននាំមកដល់មនុស្ស​គ្រប់គ្នា។ សន្តិភាពជាថ្មីនេះហើយ  ដែលសន្តិភាព នាំមកនូវ ភាព​សុខ​​ដុម​រមនា សន្តិ​ភាព នាំមកនូវសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់សន្តិភាពនាំមក​នូវភាពចម្រើន ព្រម​ទាំង​ទំនើបកម្មនៃសម័យកាល៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា