កម្ពុជា នឹងបន្តចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២០-២៣ ខែកញ្ញា ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ — ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំចូលរួមពិព័រណ៍ពិភពលោក​ និងពិព័រណ៍ពាណិជ្ជ​កម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដំណឹងដល់ធុរជន សហគ្រិន វិនិយោគិន និងផលិតករទាំងអស់ឱ្យ​បាន​ជ្រាប​ថា កម្ពុជា នឹងបន្តចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ “The 16th China-ASEAN Expo 2019” ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី​២០-២៣ ខែកញ្ញា ឆ្នាំ២០១៩ ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍ អន្តរជាតិ ទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្ដីជូន​ដំណឹងរបស់​ក្រសួង​​ពាណិជ្ជកម្ម។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្នុងការចូលរួមនេះ កម្ពុជា នឹងមានរៀបចំកម្មវិធី ពាក់ព័ន្ធមួយចំនួន ដូច​ជា៖ ១-​រៀបចំ ពន្លាជាតិកម្ពុជា និងរៀបចំស្តង់តាំងបង្ហាញផលិតផល​​សក្តានុពលកម្ពុជា សម្រាប់ស្វែងរកទីផ្សារនៅ ក្រៅប្រទេស។ ២-​រៀបចំ ដំណើរទស្សនកិច្ច ពាណិជ្ជកម្ម នៅតាមបណ្តាក្រុមហ៊ុន សហគ្រាស​ និងចូលរួមវេទិកាធុរកិច្ច និង វិនិយោគផ្សេងៗ នៅក្នុងប្រទេសចិន។ ៣-រៀបចំ វេទិកាស្តីពី ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន លើកទី៤ និង ៤-រៀបចំ វេទិកាធុរកិច្ច វិនិយោគ ទេសចរណ៍ និងពិធីចុះហត្ថលេខាលើអនុស្សរណៈ​យោគ​យល់ “MOU” និងកម្មវិធីជំនួបពាណិជ្ជកម្ម។

​ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និង ផលិតករទាំងអស់ ដែល​មាន​បំណងទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ ឬមាន គម្រោង ស្វែងរកដៃគូ​វិនិយោគ ឬត្រូវចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាជា មួយដៃគូ របស់ខ្លួន សូមប្រញាប់រួសរាន់មក បំពេញ​បែប​បទ និងផ្ញើគម្រោងរបស់ខ្លួនមកនាយកដ្ឋាន កិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ជាកំណត់។

ជាមួយគ្នានេះដែរ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​ តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ៕

ដោយ អ៊ុន រិទ្ធី