នាវាទេសចរ MARELLA DISCOVERY នាំភ្ញៀវទេសចរណ៍ជិត ២.០០០នាក់ ចូលមកទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ — នាវាទេសចរណ៍បរទេសប្រភេទនាវាយក្សមួយគ្រឿងមានឈ្មោះ MARELLA DISCOVERY  បាននាំភ្ញៀវទេសចរ​បរទេសចម្រុះជាតិសាសន៍ជិត២.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចរយៈពេល១ថ្ងៃនៅព្រឹកថ្ងៃសៅរ៍ ៣រោជ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៩នេះ នៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម ។បើតាមការបញ្ជាក់ពីមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ MARELLA DISCOVERY សញ្ជាតិ MALTA មានបណ្តោយប្រវែង២៦៤.៣០ម៉ែត្រ ទទឹង ៣២.៣០ ម៉ែត្រ និងជម្រៅទឹក៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍មកពីប្រទេសថៃ ចូលចតកំពង់ ផែអន្តរជាតិ​ក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង១០នាទី ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។ នាវា  MARELLA DISCOVERY មានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ១៩យប់ថ្ងៃដដែល ។ ទន្ទឹមនេះ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា  MARELLA DISCOVERY ជិត២.០០០នាក់ ក្នុងនោះភ្ញៀវទេសចរសរុបចំនួន១.៧៤១ នាក់ ស្រី៨៩០នាក់ មាន១៤សញ្ជាតិ និងមាន​នាវិក​សរុបចំនួន៧៦០នាក់ ស្រី ១៤៣នាក់ មាន ៤២ សញ្ជាតិ ។

ជាមួយគ្នានេះ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរទៅកម្សាន្តតាមតំបន់រមណីយដ្ឋាននានាខេត្តកំពត តាមទីប្រជុំជនផ្សារ រមនីយដ្ឋាននានា តាមមាត់សមុទ្រ ក្នុងក្រុងព្រះសីហនុ និងតាមតំបន់នេសាទ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ  ។

សូមបញ្ជាក់ថា ការធ្វើដំណើររបស់ភ្ញៀវទេសចរតាមផ្លូវសមុទ្រ ក្នុងរដូវប្រាំងមានការកើនឡើង ក៏ប៉ុន្តែ​នៅរដូវវស្សាចាប់ពីខែមេសា រហូតដល់ខែវិច្ឆិកា ការធ្វើដំណើរតាមផ្លូវសមុទ្រមានការថយចុះ ដោយសារការធ្វើ​ដំណើរតាមផ្លូវសមុទ្រអាចជួបហានិភ័យនឹងព្យុះភ្លៀង  ៕

ដោយ ងូ សុមុនី