សិស្សរៀនពូកែជាង៤០នាក់នៅសាលាបឋមសិក្សាហ៊ុនសែនពាជីកង បានទទួលរង្វាន់លើកទឹកចិត្ត

វិទ្យុជាតិកម្ពុជា៖ដោយ ហុក សុខរិន៖


សិស្សដែលរៀនពូកែជាង៤០នាក់នៅសាលាបឋមសិក្សាពាជីកង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម បានទទួលរង្វាន់លើកទឹកចិត្ត បន្ទាប់ពីពួកគេបានខិតខំប្រឹងប្រែងរៀនសូត្រកន្លងមក។
ពិធីប្រគល់រង្វាន់ដល់សិស្សពូកែនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ស្ថិតក្នុង បរិវេណសាលាបឋមសិក្សាហ៊ុន សែនពាជីកង ដោយមានការអញ្ចើញចូលរួមជាកិតិ្តយសពី ការិយាល័យ អប់រំស្រុក មេឃុំ មេភូមិ លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សនុសិស្សចូលរួមប្រមាណជាង៥៥០នាក់។


អ្នកគ្រូ ថេង វិចិត្រ ជាគ្រូបង្រៀននៅសាលាបឋមសិក្សាហ៊ុនសែនពាមជីកងបានឲ្យដឹងថា សិស្សពូកែដែលទទួលបានរង្វាន់លើកទឹកចិត្តសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩នេះ មានចំនួន៤២នាក់ ក្នុងនោះសិស្សស្រីចំនួន២៩នាក់ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ដែលមានចំណាត់ថ្នាក់ចាប់ពីលេខ១ដល់លេខ៣។


អ្នកគ្រូបានបន្តថា រង្វាន់ដែលត្រូវបានផ្តល់ជូនដល់សិស្សពូកែទំាងនេះ មានដូចជាសម្ភារៈ សិក្សា និងបណ្ណសរសើរ ហើយការផ្តល់រង្វាន់ទំាងនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បី លើកទឹកចិត្តដល់សិស្សានុសិស្សទំាងនេះឲ្យកាន់តែខិតខំរៀនសូត្របន្តទៀត ពិសេសក៏បានជំរុញអោយសិស្សានុសិស្សដែលមិនពូកែមានចិត្តចង់រៀនសូត្រឲ្យបានខ្លំាងដើម្បីអាចក្លាយជា សិស្ស ពូកែនាពេលខាងមុខ។


អ្នកគ្រូបានបង្ហាញអំពីបច្ចេកទេសនៃការអប់រំមួយចំនួន ដើម្បីជួយសិស្សខ្សោយអាចក្លាយជាសិស្សពូកែបាន។

«យើងចូលពីដំបូងអាចដឹងថាសិស្សណាពូកែឬមិនពូកែ បើមានបញ្ហាអ្វីអាចជួយ ទាន់។ ចឹងយើងណែនាំថាសិស្សពូកែមានលទ្ធភាពចេះអានសៀវភៅ រឿងនិទាន ហើយយក សិស្សពូកែនោះមកធ្វើត្រាបអោយមើល ដោយណែនាំដល់សិស្សអត់ពូកែអោយរៀនតាមគេ ផ្តល់បទពិសោធន៍ធ្វើម៉េចអោយក្លាយជាសិស្សពូកែ ចឹងសិស្សពូកែគឺរៀនរាល់ថ្ងៃទំាងនៅសាលា និងនៅផ្ទះ ហើយជួយការងារផ្ទះ និងចូលបណ្ណាល័យដើម្បីស្រាវជ្រាចមេរៀនរបស់ពួកគេ។ កិច្ចការរបស់សិស្សអត់ពូកែឬសិស្សរៀនយឹត គឺលោកគ្រូអ្នកគ្រូដាក់កិច្ចការជាប្រចាំសម្រាប់ពួកគេ ដោយកម្រិតទាបខុសពីសិស្សរៀនពូកែ ហើយការអនុវត្តដូច្នេះជាប់ជាប្រចំានឹងអាចធ្វើឲ្យ សិស្សរៀនយឹតនោះក្លាយជាសិស្សពូកែបាន។

អ្នកគ្រូថេង វិចិត្របានអះអាងថា ការជំរុញអោយសិស្សានុសិស្សក្លាយជាសិស្សពូកែគឺមានសារៈសំខាន់ណាស់ ដើម្បីអោយពួកគេមានសមត្ថភាពនិងគ្រឹះរឹងមាំចាប់ពីថ្នាក់បឋមនេះទៅ ដើម្បី អោយពួកគេកាន់តែខ្លំាងនៅថ្នាក់អនុវិទ្យាល័យឬវិទ្យាល័យ ហើយក្លាយជាធនធានដ៏មានសក្តានុ ពលសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិនិងកសាងជាតិនាពេលខាងមុខ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាហ៊ុនសែនពាជីកងបានរៀបចំកម្មវិធីផ្តល់រង្វាន់ដល់ សិស្សពូកែជារៀងរាល់ឆ្នាំ ហើយក្នុងមួយឆ្នាំ២ឬ៣ដងដើម្បីបង្កើនទំនាក់ទំនងជាមួយអាណា ព្យាបាលបានដឹងពីសមត្ថភាពកូនខ្លួននិងតម្រូវការចាំបាច់មួយចំនួនទៀតដើម្បីជំរុញអោយ សិស្សានុសិស្សទំាងនេះកាន់តែមានកិច្ចខិតខំប្រឹងប្រែង រៀនសូត្រក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ៕