កម្ពុជាគ្រោងវិនិយោគផ្លូវល្បឿនលឿនចំនួន២ខ្សែបន្ថែមទៀតដែល តភ្ជាប់ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ម៉ៅ​ សុខរីម​ ៖

រាជរដ្ឋាភិបាលគ្រោងវិនិយោគផ្លូវល្បឿនលឿនចំនួន២ខ្សែបន្ថែមទៀតដែល តភ្ជាប់ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឲ្យកាន់តែ រស់រវើកលឿនរហ័ស និងចំណេញពេលវេលា។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុកាលពីថ្ងៃទី២២ ខែមីនា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រសាសន៍ថា រាជរដ្ឋាភិបាលចាំបាច់ណាស់ត្រូវតែស្ថាបនាផ្លូវល្បឿនលឿនចំនួន២ខ្សែបន្ថែម ទៀត ដោយទី១ ពីភ្នំពេញឆ្ពោះ ទៅព្រំដែនបាវិត ខេត្តស្វាយរៀងហើយភ្ជាប់ជាមួយវៀតណាម ឆ្ពោះទៅទីក្រុងហូជីមិញ និងទី២ ពីភ្នំពេញ ទៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្ជាប់ជាមួយប្រទេសថៃ ហើយឆ្ពោះទៅទីក្រុងបាងកក។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា ការចង់អោយវិនិយោគផ្លូវល្បឿនលឿនពីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសជិតខាងនេះ ខណៈប្រទេសជិតខាង ដូចជាវៀតណាម និងថៃមានផ្លូវ ល្បឿនលឿនពីទីក្រុងសំខាន់ៗរបស់គេភ្ជាប់មកព្រំដែនកម្ពុជារួចរាល់ហើយ នៅឡើយសល់តែ កម្ពុជាប៉ុណ្ណោះដែលត្រូវភ្ជាប់បន្ត។
សម្តេចតេជោបញ្ជាក់ថា ការស្ថាបនាផ្លូវល្បឿនលឿនភ្ជាប់ជាមួយប្រទេសជិតខាងនេះ គឺមានសារៈសំខាន់ណាស់ដែលជាសរសៃឈាមសេដ្ឋកិច្ចដឹកជញ្ជូនទំនិញនិងមនុស្សឆ្លងដែនបានរហ័ស ហើយអាចកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។
« ផ្លូវល្បឿនលឿន ដូចជាការតភ្ជាប់ទៅជាមួយសាធារណរដ្ឋសង្គមវៀតណាម វៀតណាមមានហើយបើនិយាយពីវៀតណាមគាត់ទៅផ្លូវច្រើនណាស់មហាផ្លូ។ ចឹងយើងត្រូវតភ្ជាប់ទៅជាមួយវៀតណាមពីភ្នំពេញទៅបាវិតថែមទៀតដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងមិនមែនតែបញ្ហាក្នុងស្រុកទេ យើងមានបញ្ហាតម្រូវការនៃការតភ្ជាប់ជាមួយប្រទេសជិតខាងរបស់យើង យើងត្រូវតភ្ជាប់ជាមួយនឹងវៀតណាម យើងត្រូវតភ្ជាប់ជាមួយនឹងថៃ តភ្ជាប់ផ្ទៃក្នុងខ្លួនឯងហើយត្រូវតភ្ជាប់ជាមួយប្រទេសជិតខាង។របៀងដែលនៅខាងជ្រៃធំយើងបានតភ្ជាប់គ្នារវាងផ្លូវជាតិលេខ ២១ដែលកាត់ខេត្តកណ្ដាលទៅជ្រៃធំហើយបានធ្វើស្ពានរួមគ្នាយើងមានរបៀបមាត់សមុទ្រមួយហើយ សម្រាប់ការតភ្ជាប់ពីកោះកុងទៅខេត្តព្រះសីហនុ ទៅកំពតនឹងទៅព្រៃចាក ចូលទៅហាទៀងថាវៀតណាម។ ប៉ុន្តែចំណុចដែលគេហៅថាហាយវេអាស៊ាននោះត្រូវតភ្ជាប់រវាងភ្នំពេញជាមួយនឹង
ក្រុងហូជីមិញហើយតភ្ជាប់រវាងភ្នំពេញជាមួយនឹងក្រុងបាងកកដែលឡូវនេះផ្លូវពីភ្នំពេញទៅព្រៃក្តាមបានកសាងរួចរាល់ហើយឥឡូវនេះកំពុងសាងបន្តពីព្រៃក្តាមទៅព្រំដែនកម្ពុជាថៃដោយហិរញ្ញប្បទានពីប្រទេសជប៉ុន។
ចឹងយើងរកដៃគូច្រើនដើម្បីយកមកធ្វើហើយផ្លូវខ្លះគឺយើងធ្វើដោយយើងស្វែងរកនូវឥណទាន និងជំនួយឥតសំណងពីមិត្តចាស់ប៉ុន្តែផ្លូវខ្លះដូចជាផ្លូវនេះយើងត្រូវចាប់ផ្ដើមធ្វើផ្លូវតាមរបៀបសាងសង់អាជីវកម្មហើយនឹងផ្ទេរពីចប់កុងត្រាហើយនោះ។នេះ គឺជាគោលនយោបាយដែលយើងបានដាក់ចេញហើយជំរុញតាមរយះអន្តរកម្មនៃវិស័យដឹកជញ្ជូននេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ៕