ក្រសួងទេសចរណ៍ពង្រឹងសមត្ថភាពមន្ត្រីលើជំនាញគ្រប់គ្រងប្រសិទ្ធភាពការងារ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងទេសចរណ៍ពង្រឹងសមត្ថភាពមន្ត្រីលើជំនាញគ្រប់គ្រងប្រសិទ្ធភាពការងារដើម្បីលើកកម្ពស់ធនធានមនុស្ស ផ្នែករដ្ឋបាលទូទៅ និងការគ្រប់គ្រងវិស័យទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រសិទ្ធភាពការងារនៅទីស្នាក់ការ គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជារសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនសមត្ថភាព ចំណេះដឹង ដល់មន្រ្តីរាជការទាំងនៅថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍ទាំងអស់ិឲ្យយល់កាន់តែច្បាស់ថែមទៀតលើការងារជំនាញរដ្ឋបាល បុគ្គលិក និងមន្រ្តីរាជការ។

ឯកឧត្តមបន្តថា អ្នកដែលចូលរួម នៃវគ្គបណ្តុះបណ្តាលនេះ ជាមន្រ្តីថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្តចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន រហូតដល់អនុការិយាល័យថ្នាក់មន្ទីរទេសចរណ៍ទាំងអស់សរុប ៥១នាក់។ ក្នុងរយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៩ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីគ្រូឧទ្ទេសនាម ដើម្បីយកទៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់ ឆ្នាំ២០១៩នេះ ជាឆ្នាំនៃការពង្រឹងគុណភាពទេសចរណ៍ និងអភិវឌ្ឍធនធានមនុស្ស ធ្វើឲ្យគ្រប់សេវាកម្មទេសចរណ៍ សហគមន៍ទេសចរណ៍មានការប្រែប្រួល សំដៅធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងតំបន់ប្រកបដោយភាពស្អាត បៃតង សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានសិក្សាលើប្រធានបទ ១-អំពីរចនាសម្ព័ន្ធចាត់តាំង ២-អំពីការបែងចែកភារកិច្ច និងរបៀបរបបការងារ និងទី៣-អំពីការគ្រប់គ្រង ពង្រឹងវិន័យ និងការតែងតាំងមន្ត្រីរាជការជាដើមជាលទ្ធផលធ្វើឲ្យសិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងបទពិសោធន៍ និងទស្សនទានថ្មីៗបន្ថែមលើអ្វីដែលមានស្រាប់ពាក់ព័ន្ធនឹងរបត់ការងារប្រចាំថ្ងៃនៅតាមអង្គភាពរបស់ខ្លួន៕