រាជរដ្ឋាភិបាលថ្លែងអំណរគុណជនរួមជាតិដែលអធ្យាស្រ័យចំពោះកង្វះខាតថាមពលអគ្គិសនី

វិទ្យុជាតិកម្ពុជា៖ដោយ វ៉ាង ភក្តី ៖

រាជរដ្ឋាភិបាល បានសម្តែងនូវកិច្ចគោរពអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានចូលរួមសហការជាមួយសេចក្តីអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះកិច្ចយោគយល់ និងអធ្យាស្រ័យ” ឆ្លើយតបនឹង កង្វះខាតថាមពលអគ្គិសនី ក៏ដូចជាភាពរអាក់រអួល ក្នុងការទទួលបានការប្រើប្រាស់ទឹក ដែលកម្ពុជាក៏ដូចជាប្រទេសមួយចំនួនបានប្រឈមនឹងអភូតហេតុ បម្រែបម្រួលអាកាសធាតុ នៅក្នុងរដូវប្រាំងនេះ។


សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅល្ងាចថ្ងៃទី២២ ខែមីនានេះ បានបញ្ជាក់ថា អភូតហេតុនេះ គឺបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងកើតចេញពីបម្រែបម្រួលអាកាសធាតុ ដែលនាំឱ្យមានការខ្វះទឹកខុសប្រក្រតី រួមផ្សំនឹងការកើនឡើងនូវការប្រើប្រាស់យ៉ាងគំហុក ក្នុងវិស័យសំណង់ផងដែរ ដែលមានកំណើន៧០០ភាគរយ បានធ្វើឱ្យប្រភពថាមពលអគ្គិសនី ពុំអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ដូចរដូវប្រាំង សព្វមួយដង។
ទោះជាយ៉ាងណា នេះគឺជាការប្រឈមក្នុង
រយៈពេលខ្លីមួយសម្រាប់កម្ពុជា ហើយអាចអូសបន្លាយដល់ត្រឹមចុងខែឧសភា ពោលគឺមានរយៈពេល៧២ថ្ងៃ ដែលមានកង្វះខាតថាមពលអគ្គិសនីចំនួន៤០០ មេហ្គាវ៉ាត់ ស្មើនឹង១៣% សម្រាប់ផ្គត់ផ្គង់ជាទូទៅ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងបន្ទាន់ចំពោះករណីខាងលើនេះ ក្នុងកិច្ចឆ្លើយតបនឹងការប្រើប្រាស់ជាប្រក្រតីរបស់មហាជន។
សូមរំលឹកផងដែរ សម្តេចតេជោ បានលើក
ឡើងឱ្យប្រជាពលរដ្ឋដែលមានម៉ាស៊ីនភ្លើង អាចប្រើប្រាស់ម៉ាស៊ីនភ្លើងជំនួសនៅពេលដែលមានការចាំបាច់ ដើម្បីផ្តល់ការយោគយល់ចំពោះរាជរដ្ឋាភិបាល ទៅលើបញ្ហាដ៏លំបាកក្នុងរយៈពេលខ្លីនេះ។
ជាមួយនេះផងដែរ សម្តេចតេជោ បានចាត់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអគ្គិសនីក្នុងការចាកចេញទៅប្រទេសតួកជាបន្ទាន់ ដើម្បីចរចានាំនាវាផលិតអគ្គិសនី២០០មេហ្គាវ៉ាត់ មកកាន់កម្ពុជា
ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនេះផងដែរ៕