ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដំឡើងប៉មចម្រោះទឹកស្អាត ជូនវិទ្យាល័យហ៊ុនសែន ព្រៃទទឹង ក្នុងខេត្ដកំពង់ចាម ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ផ្នែកទឹកស្អាត

AKP កំពង់ចាម ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ — ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងស្ថាប័នមួយចំនួនទៀត បានរួមគ្នា ធ្វើការឆ្លើយតបនឹងការប្រែប្រួលនៃអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលរួមប្រារព្ធទិវាទឹកស្អាតពិភពលោក តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងបន្ថែមទៀត ស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន ព្រៃទទឹង នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង១.៥០០នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។ ក្នុងពិធីសម្ពោធ ម៉មចម្រោះទឹកស្អាតជូនវិទ្យាល័យហ៊ុនសែន ព្រៃទទឹង នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះ ដែលមានការអញ្ជើញចូលរួម ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Michael Newbill ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា លោក Mark Steele នាយកប្រតិបត្តិនៃអង្គការ Planet Water និង លោក អ៊ូត ចាន់ឌី នាយកផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។
លោក អ៊ូត ចាន់ឌី បានលើកឡើងថា “ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់នៅត្រឹមតែការដំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តន៍កម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ឆ្នាំថែមទៀត។” លោកបានបន្តទៀតថា ក្រុមហ៊ុន កូកា-កូឡា មានមោទនភាពដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការផ្ដល់ប៉មចម្រោះទឹកស្អាតនេះ ពិតជាមានសារៈសំខាន់ និងផ្តល់នូវគុណប្រយោជន៍ សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរទាំងមូល ជាពិសេសនៅក្នុងរដូវក្តៅឆ្នាំនេះ ដែលអាកាសធាតុមានការប្រែប្រួល (កើនឡើងកំដៅខ្លាំង) ហើយមានតម្រូវការប្រើប្រាស់ទឹកស្អាតច្រើន។ ឯកឧត្តម បានគូសបញ្ជាក់ថា “ការវិនិយោគរបស់ ក្រុមហ៊ុន Coca-Cola កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដែលមិនត្រឹមនាំមកវិបុលភាព សម្រាប់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងសកម្មភាពមនុស្សធម៌នានា តួយ៉ាងដូចជា ការគាំទ្រមូលនិធិទឹក “Water Planet Foundation” ក្នុងការអនុវត្តកម្មវិធី អប់រំសុខភាព និងអនាម័យទឹកស្អាតជាដើម។ ហើយពិសេសជាងនេះទៀត ការរីកចម្រើនរបស់ក្រុមហ៊ុន បានជួយបង្កើតការងារក្នុងស្រុក ប្រមាណជាង ៩០០កន្លែង ផងដែរ។សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី១ ដែលបានតម្លើងដោយក្រុមហ៊ុន កូកា-កូឡា នៅក្នុងឆ្នាំ២០១៩នេះ បន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ១៥ផ្សេងទៀត ដែលក្រុមហ៊ុនបានតម្លើងនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water។ ប៉មចម្រោះទឹកស្អាតនេះ ក៏ជាផ្នែកមួយនៃគម្រោង “Project 24” របស់មូលនិធិ Planet Water ដែលមានការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ២៤កន្លែង ក្នុងរយៈពេល២៤ម៉ោង នៅតាមបណ្ដាសហគមន៍នានា ជុំវិញពិភពលោក ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។ ក្រៅពីប្រទេសកម្ពុជា ក៏មានប្រទេសមួយចំនួនទៀត នឹងទទួលបានប៉មចម្រោះទឹកស្អាត ពីគម្រោង “Project 24” នៅក្នុងឆ្នាំនេះដែរ រួមមាន ប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា និងប្រទេសហ្វីលីពីន។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុនកូកា-កូឡា បានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន ៦ទៀត នឹងត្រូវដំឡើងនៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ ជាមួយគ្នានេះ ប៉មចម្រោះទឹកស្អាតចំនួន ១៥ ដែលក្រុមហ៊ុនបានដំឡើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាត ចំនួន ៤៤.៩៩០.២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤០.០០០នាក់។ តួលេខនេះ ត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងក្នុងឆ្នាំនេះ តាមរយៈការដំឡើងប៉មចម្រោះទឹកស្អាតចំនួន ៧បន្ថែមទៀតក្នុងឆ្នាំ ២០១៩នេះ៕

ដោយ អ៊ុន រិទ្ធី