សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកកត់សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្ដម Doug Ericksen សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ស​ង្កេ​ត​​ឃើញថា ព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងសុខស​ន្តិ​ភា​ព ស្ថិរភាព។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទា​ប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុ​ជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Doug Ericksen សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន សហ​រដ្ឋអា​មេ​រិក ចូលជួសម្ដែងការគួរសម នារសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ឯកឧត្ដមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានមកកាន់​ព្រះរាជា​​ណា​​ចក្រ​កម្ពុជានៅឆ្នាំ២០១៦ ហើយនៅក្នុងដំណើរទស្សនកិច្ចលើកនេះ​ឯកឧត្ដម​បានសង្កេ​ត​ឃើ​ញ​ថា ព្រះរាជាណាចក្រកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងសុខសន្តិភាព ស្ថិរ​ភាព។ ជាងនេះទៀត ប្រជាជនកម្ពុជា មានទឹកមុខស្រស់ស្រាយ និងជីវភាពល្អប្រសើរ។ ឯក​ឧត្ដម​ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដែរថា ឯកឧត្ដមធ្លាប់​បានមកកម្ពុជានៅ​ឆ្នាំ​​២០១៨ ដើម្បីចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោត ហើយដែលការបោះឆ្នោត​នៅ​ព្រះ​រា​ជា​ណាចក្រម្ពុជានៅពេលនោះ បានដំណើរការប្រកបទៅដោយជោគជ័យ មានសុខសន្តិភាព អ​ហិង្សា ដែលការបោះឆ្នោតនោះគឺបានឆ្លុះបញ្ចាំង នូវគោលបំណងប៉ងប្រាថ្នា​របស់ប្រជា​ជន​ក​ម្ពុ​​ជា។ ឯកឧត្ដមបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ គឺដើម្បីសម្ដែងនូវការអបអរសាទរជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​ការរីក​ចម្រើ​នរបស់កម្ពុជា និងការបោះឆ្នោតនាពេលកន្លងមកប្រកបដោយជោគជ័យផងដែរ។ ឯក​ឧត្ដ​ម Doug Ericksen ក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចនេះ ក៏​ដើ​ម្បី​​ពង្រឹងទំនាក់​ទំនង រវាកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែខ្លាំងឡើងផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ឯកឧ​ត្ដម Do​u​g Ericksen  ហើយក៏បានសំម្ដែងនូវការស្វាគមន៍ ចំពោះកិច្ចពិភាក្សា ដើម្បីពង្រឹងទំនាក់ទំនង រវា​ង​ប្រទេសទាំងពីរ។ ក្នុងនោះ សហរដ្ឋអាមេរិក និងកម្ពុជា នឹងសហការគ្នាឡើងវិញ ក្នុ​ង​ការស្វែងរកអដ្ឋិធាតុ ជនជាតិអាម៉េរិក ដែលបានបាត់ខ្លួន នៅក្នុងសម័យសង្គ្រាម នៅកម្ពុជា​នា​ពេ​លកន្លមក។ ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្ថម Doug Ericksen    តាងនាមឱ្យក្រុមគ្រួសារ​ជនជាតិអាម៉េរិកដែលបានបាត់ខ្លួននៅក្នុងសម័យសង្គ្រាម និងរដ្ឋាភិបាលអាម៉េរិក បានថ្លែង​អំ​ណរ​គុណ សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលរួមចំណែក ជួយដល់​កិច្ចការមនុស្ស​ធម៌​​នេះ៕

ដោយ  ជឹម ណារី