សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារឋជាមួយសមាជិកព្រឹទ្ធសភាមកពីរដ្ឋវ៉ាស៊ីនតោន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ដុក អេរិសិន Doug Ericksen សមាជិកព្រឹទ្ធសភា មកពីរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។

នៅក្នុងជំនួប លោក Ericksen បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី​ អំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលលោកបាន ឃើញផ្ទាល់នឹងភ្នែកបើប្រៀបធៀបកាលពី លោកបានមកទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០១៦។ពេលនេះកម្ពុជាអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយ នឹងសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយលើសពីនោះទៀត គឺប្រជាពលរដ្ឋខ្មែរមានទឹកមុខស្រស់ថ្លា រីករាយ និងមានជីវភាពរស់នៅល្អប្រសើរ។ 

សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ ក៏បានជម្រាបជូន សម្ដេចតេជោ ផងដែរថា នៅក្នុងថ្ងៃបោះឆ្នោត កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ គឺលោកបានមកចូលរួមសង្កេតការណ៍បោះឆ្នោត ដែលបានឃើញប្រជាពលរដ្ឋខ្មែរជាច្រើនបានទៅបោះឆ្នោតដោយសេរី គ្មានការភិតភ័យ និងគ្មានអំពើហិង្សាអ្វីកើតឡើងឡើយ។ នេះគឺបានឆ្លុះបញ្ចាំងនូវដំណើរការលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដែលពលរដ្ឋគ្រប់រូបមានសិទ្ឋិបោះឆ្នោតជ្រើសតំណាង និងគណបក្សនយោបាយដែលខ្លួនពេញចិត្តស្របតាមបំណងប្រាថ្នារបស់ប្រជាពលគ្រប់ៗរូប។ 

លោក Ericksen បានចូលរួមអបអរសាទរចំពោះលទ្ឋផលនៃការបោះឆ្នោត ដែលគណបក្ស ប្រជាជនកម្ពុជាទទួលបានជោគជ័យកន្លងមកនេះ ព្រមទាំងចូលរួមអបអរសាទរ ចំពោះរាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេ ជោ ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍។ 

វត្តមាន លោក Ericksen នៅកម្ពុជាពេលនេះ គឺដើម្បីពង្រឹងមិត្តភាព និងពង្រីកទំនាក់ទំនងនិងសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់តែល្អប្រសើឡើង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងស្វាគមន៍ លោក Doug Ericksen ចំពោះគោលបំណងពង្រឹងកិច្ចទំនាក់ទំនងនិង សហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជារីករាយសហការជាមួយសហរដ្ឋអាមេរិកឡើងវិញ ក្នុងការស្វែងរកអដ្ឋិធាតុ ជនជាតិអាមេរិកាំងដែលបានបាត់ខ្លួននៅក្នុងសម័យសង្គ្រាម។ 

លោក Doug Ericksen  និងតាងនាមអោយក្រុមគ្រួសារជនជាតិអាមេរិក និងរដ្ឋាភិបាលអា មេរិក បានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការ និងចូលរួមចំណែកជួយដល់កិច្ច ការមនុស្សធម៌ដ៏សំខាន់នេះ៕