ក្រុមគ្រូពេទ្យស្ម័ត្រចិត្តប្រទេសចិន ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅជនបទដោយឥតគិតថ្លៃ

AKP សៀមរាប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​ — ក្រុមគ្រូពេទ្យស្ម័ត្រចិត្តក្រុងថៃចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយសមាគមពាណិជ្ជកម្មចិន និងមន្ទីរពេទ្យចិន រស្មីអង្គរ ប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកប្រធាន ការិយាល័យកុងស៊ុល ចិនប្រចាំនៅខេត្តសៀមរាប បានចុះធ្វើការពិគ្រោះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយឥតគិតថ្លៃ ដែលពិធីនៃការចុះទៅពិនិត្យព្យាបាលជំងឺនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅមណ្ឌល សុខភាពត្បែងនោះតែម្តង។មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងពិធីពិនិត្យព្យា បាលជំងឺ នោះ លោក លី ជីជា អគ្គស្ថានកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា កម្ពុជា និងប្រទេសចិន មានទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នាជាង១ពាន់ឆ្នាំ មកហើយរហូតមកដល់បច្ចុប្បន្ននេះ ដោយបានធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមិត្តភាពនេះ កាន់តែរឹងមាំរវាងរដ្ឋាភិបាលទាំងពីរ ប្រជាជននៃប្រទេសទាំពីរ កាន់តែនៅជាប់គ្នាជានិច្ច។ ហើយការចុះមកព្យាបាលជំងឺ នាពេលនេះ មានក្រុមគ្រូពេទ្យជំនាញ លើជំងឺទូទៅ ជំងឺសន្លាក់ លើសឈាម និងព្យាបាលឆ្អឹង ដោយឥតគិតថ្លៃពីបងប្អូនឡើយ។

មានប្រសាសន៍សំណេះសំណាលនោះដែរ លោក ពិន ប្រាកដ បានលើកឡើងថា សុខភាពគឺជាកត្តាចម្បងដែលមនុស្សយើងគ្រប់រូប ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ឱ្យ បានជាប្រចាំថ្ងៃ។ ដូច្នេះសុខភាពគឺជាកត្តាដ៏សំខាន់បំផុត សម្រាប់មនុស្សជាតិគ្រប់រូប ក្នុងការអនុវត្ត របៀបរស់នៅប្រកបដោយសុខុមាភាពរបស់យើងគ្រប់រូប។ ហេតុនេះហើយទើប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការ ជំរុញឱ្យក្រសួងសុខាភិបាល ធ្វើកិច្ចសហការជាមួយអង្គការដៃគូ ដើមី្បចុះមកធ្វើការពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បានបន្តលើកឡើងទៀតថា ការពិនិត្យព្យាបាលជំងឺជូនបងប្អូន នាពេលនេះ ក្រុមគ្រូពេទ្យយើងមិនរើសអើង ឬប្រកាន់ន្និនាការណ៍នយោបាយណាឡើយ គឺធ្វើការព្យាបាលដោយឥតគិតថ្លៃជូនទាំងអស់ ដូច្នេះបុគ្គលដែលមានសុខភាពល្អ គឺមាននូវគុណភាពនៃជីវិត សមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវរាល់សកម្មភាពការងារ កាតព្វកិច្ច តួនាទី និងការប្រកបការងារផ្សេងៗ ក្នុងការចិញ្ចឹមជីវិតនិងចូលរួមអភិវឌ្ឍន៍សង្គម។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមគ្រូពេទ្យថៃចូវ ខេត្តជាំងស៊ូ និងមន្ទីរពេទ្យចិន រស្មីអង្គរ សមាគមពាណិជ្ជកម្មចិនប្រចាំខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងសប្បុរសជនដែលជាដៃគូរទាំងអស់បានគាំទ្រ ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋនៅឃុំត្បែង ស្រុកបន្ទាយស្រីនេះ គឺជាការឆ្លើយតប ទៅនឹងសំណូមពររបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋក្រីក្រ ក្នុងការផ្សាភ្ជាប់មនោសញ្ចេតនារវាង ប្រជាជនទាំងពីរកម្ពុជានិងចិនទៀតផង។

នៅក្នុងការពិនិត្យព្យាបាលជំងឺនេះ ក្រុមគ្រូពេទ្យស្ម័គ្រ រួមទាំងលោកអភិបាលរងខេត្ត ប្រធានការិយាល័យកុងស៊ុល បានធ្វើការផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន ចូលមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ទាំង១៥០នាក់ ម្នាក់ទទួលបាន មី១កេស មុង១ ក្រមា១ សារុង១ ឃីត១កញ្ចប់ និងថវិកា ១០ពាន់រៀលផងដែរ៕

ដោយ ហង្ស សៀក