អង្គការអាដ្រា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីការបើកដំណើរការ គម្រោងលើកកម្ពស់ផលិតផលកសិកម្មតម្រូវទីផ្សារនៅខេត្តពោធិ៍សាត់

AKP ពោធិ៍សាត់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​ — អង្គការអាដ្រាប្រចាំប្រទេសកម្ពុជា បានរៀបចំសាលាផ្សព្វផ្សាយអំពី ការបើកដំណើរ ការគម្រោងលើកកម្ពស់ផលិតផលកសិកម្មតម្រូវទីផ្សារ ហៅថា ​គម្រោងប្រូម៉ាឃីត នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគាពោធិ៍សាត់សេនជូរី ក្នុងខេត្តពោធិ៍សាត់។

លោក ម៉ាក ស្វីសសូ នាយកអង្គការអាដ្រា បានឱ្យដឹងថា គម្រោងនេះអនុវត្តន៍ សកម្មភាពទៅលើ៥ស្រុក គឺស្រុកក្រគរ បាកាន កណ្តៀង ក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។ គម្រោងនេះបានទទួលជំនួយពីក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងអង្គការអាដ្រា ប្រទេសនូវែលសេឡង់ ជាង២លានដុល្លារអាម៉េរិកក្នុងរយៈពេល៥ឆ្នាំ (២០១៩-២០២៣)។ គម្រោងបានសហការជាមួយមន្ទីរកសិកម្មខេត្ត មន្ទីរពាណិជ្ជកម្ម ខេត្តនិងអាជ្ញធរក្នុងតំបន់ គោលដៅដោយផ្តោតសំខាន់ ផលិត កម្មចម្រុះនិងចំណីកម្មចម្រុះ និងសុវត្ថិភាពចំណីអាហារព្រម ទាំងបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារក្នុងសហគមន៍។

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និង នេសាទខេត្តពោធិ៍សាត់បាន សម្តែងការស្វាគមន៍ ចំពោះម្ចាស់ផ្តល់ជំនួយពិសេសអង្គការអាដ្រាកម្ពុជាអ្នកអនុវត្តន៍គម្រោង ផ្ទាល់ដែលបានយកខេត្តពោធិ៍សាត់ដំណើរការលើកកម្ពស់ ផលិតផលកសិកម្ម ដើម្បីតម្រូវ ការទីផ្សារ។

លោក ឡាយ វិសិដ្ឋ បន្តថា ដើម្បីឱ្យគម្រោង នេះដំណើរការទៅទទួលបានជោគជ័យ និងមានភាពរលូន នោះសូមឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធចូលរួមសហការប្រយោជន៍ដល់ប្រជា ពលរដ្ឋយើងមានប្រាក់ចំណូលក្នុងគ្រួសារ និងសហគមន៍៕

ដោយ ណៅ ធឿន