មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ប្រកាសថាមិនឱ្យកើតមានបញ្ហាខ្វះអគ្គិសនីប្រើប្រាស់ សម្រាប់ឆ្នាំបន្ទាប់ទៀតនោះទេ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​ — មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានប្រកាសថា បញ្ហាខ្វះថាមពលអគ្គិសនីប្រើប្រាស់ នឹងមិនឱ្យកើតមានជាថ្មីម្តងទៀតទេ ចាប់ពីឆ្នាំ២០២០តទៅ ដោយក្នុងនោះទាមទារឱ្យប្រជា ពលរដ្ឋ ក៏ដោយជាអ្នកប្រើប្រាស់ផ្សេងទៀតមេត្តាយោគយល់អព្យាស្រ័យចំពោះបញ្ហា ខ្វះអគ្គិ សនីនៅក្នុងពេលនេះ។ការចេញមុខប្រកាសរបស់ក្រសួងរ៉ែ និងថាមពលនេះ គឺធ្វើឡើងស្របពេលដែលបញ្ហាកង្វះ អគ្គិសនីបានកំពុងកើតឡើងនៅក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលបង្កឱ្យមានផលប៉ះ ពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាខាងវិស័យឯកជនជាដើម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីពន្យល់បកស្រាយជុំវិញបញ្ហាខ្វះអគ្គិសនី នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួង រ៉ែ និងថាមពល បានពន្យល់ថា បញ្ហាកង្វះថាមពលអគ្គិសនីដូចឆ្នាំ២០១៩ នឹងមិនឱ្យកើតមាន ទៀតឡើយចាប់ពីឆ្នាំ២០២០តទៅ ដោយសារតែគម្រោងនៃការអភិវឌ្ឍបណ្តាញអគ្គិសនីដែល កំពុងមានស្រាប់ ហើយកំពុងសាងសង់នោះ នឹងចាប់ដំណើរការនៅពេលខាងមុខនេះ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាខ្វះអគ្គិសនីប្រើប្រាស់វិញនោះ ត្រូវបានឯកឧត្តមរដ្ឋលេធិការ លើកឡើងថា ដោយសារកត្តាធម្មជាតិ និងកត្តានៃការប្រើប្រាស់អគ្គិសនីមានការកើនឡើង ខុសពីការគិតទុករបស់អគ្គិសនីកម្ពុជា ដែលធ្វើឱ្យអគ្គិសនីកម្ពុជាបង្ខំចិត្តក្នុងការផ្តាច់អគ្គិសនី ប្រើប្រាស់នៅតាមតំបន់មួយចំនួន។ ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នកម្ពុជាត្រូវការប្រើប្រាស់ អគ្គិសនីចំនួន៣១លានគីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ខណៈដែលឆ្នាំ២០១៨ កម្ពុជាត្រូវការតែ ២៥.៥លានវ៉ាត់ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះបច្ចុប្បន្នកម្ពុជាអាចធ្វើការផ្គត់ផ្គង់ បានតែ ចំនួន ជាង២៧លានវ៉ាត់ម៉ោងប៉ុណ្ណោះ ដែលទាមទារឱ្យមានការទិញពីបរទេស។

ប្រឈមមុខនឹងបញ្ហានេះ ក្នុងនាមមន្រ្តីជំនាញ ឯកឧត្តម សុំការយោគយល់ ពីប្រជា ពលរដ្ឋ ក៏ដូចជាវិស័យឯកជនចំពោះបញ្ហានេះ ដោយក្នុងនោះរាជរដ្ឋាភិបាលមិនបានព្រងើយ កន្តើយមិនធ្វើការដោះស្រាយនោះទេ៕

ដោយ ចាន់ សុធីវង្ស