ព្រីនស៍រៀលអ៊ីស្ទេត នឹងបន្ថែមទុនវិនិយោគឱ្យដល់២០ប៊ីលានដុល្លារ រយៈពេល១០ឆ្នាំ ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩​ — ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោង អចលនទ្រព្យធំជាងគេ​មួយ​នៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបន្ថែមទុនឱ្យបាន ២០ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈ ពេល១០ឆ្នាំខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជា លើគម្រោង អចលនទ្រព្យ ជាង៤ប៊ីលានដុល្លារអាម៉េរិករួចហើយ។ នេះបើតាមការបញ្ជាក់របស់លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ ពីចុះហត្ថលេខា ជាមួយក្រុមហ៊ុនយីហោល្បីៗ ជាច្រើន ដែលនឹងត្រូវបើកដំណើរ​ការហាង នៅក្នុងអគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សាអ៊ីនធើណេសិនណលផ្លូវសហព័ន្ធរុស្ស៊ី កាលពីព្រឹក ថ្ងៃទី២២ មីនា ២០១៩នេះ។លោក លី មីន បានគូសបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត នឹងឈរលំដាប់កំពូល​ជាក្រុមហ៊ុនអន្តរជាតិវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដោយបានវិនិយោគនៅគម្រោងអចលន​ទ្រព្យធំៗជាច្រើន ជាក់ស្ដែង គម្រោងព្រីនស៍ផ្លាហ្សានៅបណ្ដោយផ្លូវព្រះនរោត្តម គម្រោង​ព្រីនស៍ អ៊ីនធើណេតសិនណលផ្លាហ្សានៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី និងគម្រោងមួយ​ចំនួនទៀតនៅក្នុងខេត្តព្រះសីហនុជាដើម។ លោកលើកឡើងថា “ ចាប់តាំងពីយើងបានមកវិនិ យោគ នៅក្នុងប្រទេសកម្ពុជា យើងបានបោះទុនវិនិយោគសរុបជាង៤ប៊ីលានដុល្លារអាម៉េរិក មកហើយ ហើយយើងនឹងបន្ថែមទុនបន្តទៀត តាមដែលអាចធ្វើបាន”។

លោកបន្តថា ក្រុមហ៊ុន នៅតែមើលឃើញពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋ កិច្ចប្រទេសនេះ បានរក្សាលំនឹងមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថិរភាពនយោបាយ ក្នុងស្រុក។ ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគឱ្យ​បាន២០ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបាន រៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែម។

លោកបន្ថែមថា រាល់ការ វិនិយោគលើគម្រោងនានានៅក្នុងប្រទេសកម្ពុជា របស់ព្រីនស៍រៀលអ៊ីស្ទេត ក៏ទទួលបានជោគ ជ័យផងដែរ ជាក់ស្ដែងព្រីនស៍ អ៊ីនធើណេតសិនណលផ្លាហ្សា ដែលបានសាងសង់ជាងកន្លះ ឆ្នាំមកហើយនោះ គឺមានក្រុមហ៊ុននិងហាងជាច្រើនបានចុះហត្ថលេខា ដើម្បីដាក់ទីតាំងនៅ ក្នុងមជ្ឈមណ្ឌលនោះ នៅពេលសាងសង់ហើយ ជាក់ស្ដែងក្រុមហ៊ុនដែលបានចុះហត្ថលេខា ជាមួយបណ្ដាដៃគូរ៥ ដើម្បីបើកដំណើរការហាងនៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ អ៊ីនធើណេត សិនណល ផ្លាហ្សា។ លោកឱ្យដឹងទៀតថា គម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានរីកដុះដាលនៅរាជធានីភ្នំពេញនិងក្រុងព្រះសីហនុ ហើយទទួលបាននូវ សមិទ្ធផលគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ព្រីនស៍រៀលអ៊ីស្ទេត គ្រុប នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា មានទីតាំង នៅកណ្ដាលនៃខណ្ឌធំៗ ចំនួន៣នៅភ្នំពេញ ហើយក៏មានគម្រោង​ពង្រីកឱ្យបានគ្រប់ខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញផងដែរ ។

បើតាមលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានឱ្យ​ដឹងផងដែរថា លោកនៅតែមើលឃើញពីឱកាសវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ក៏ប៉ុន្តែ ទន្ទឹមនឹងការវិនិយោគនោះផងដែរ កម្ពុជា ក៏ត្រូវមានធនធានជំនាញៗ ដើម្បីធ្វើកិច្ចការក្នុង វិស័យនេះ។ លោកឧកញ៉ាអះអាងថា “ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ត្រូវទាមទារ ឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ហើយបើសិនជាអ្នកវិនិយោគដោយមិនមាន ជំនាញ មិនមានចំណេះដឹង និងបទពិសោធន៍វាពិបាកណាស់ថានឹងមានស្ថិរភាព​យូរអង្វែង​ប៉ុណ្ណានោះ”៕

ដោយ ម៉ៅ ចរិយា