អភិបាលរងរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាផ្សព្វផ្សាយ កាត់បន្ថយការចម្លងមេរោគអេដស៍ឱ្យអស់នៅឆ្នាំ២០២៥

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ — លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវ រួមគ្នាផ្សព្វផ្សាយកាត់បន្ថយការចម្លងមេរោគអេដស៍ឱ្យអស់នៅឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ជំងឺអេសដស៍ក៏នៅតែជាជំងឺមួយដែលគួរឱ្យព្រួយបារម្ភ ហើយអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូតែង តែយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ឱ្យ មានប្រសិទ្ធភាព។

លោកស្រី កែវ សុខពិសី បានជំរុញបែបនេះ នៅក្នុងពិធីកិច្ចប្រជុំជាមួយ គណៈកម្មាធិ ការប្រយុទ្ធ និងជំងឺអេដស៍រាជធានីភ្នំពេញ  នាថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ មីនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក៏មានការ អញ្ជើញ ចូលរួមផងដែរពីមន្ទីរ អាជ្ញាធរខណ្ឌ អង្គការ ក្លឹបកម្សាន្ដ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ជាដើម។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា  បច្ចុប្បន្នបញ្ហាជំងឺអេដស៍នៅតែជាបញ្ហាចម្បង ដែលមន្ទីរសុខាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការទប់ស្កាត់ និងផ្សព្វផ្សាយឱ្យ បានទូលំទូលាយ ធ្វើយ៉ាងណាលុបបំបាត់ជំងឺអេដស៍នេះ ឱ្យអស់នៅតាមសហគមន៍ និងប្រទេសជាតិទាំងមូល ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

លោកបានបន្តថា ការចម្លងមេរោគអេដស៍ នៅរាជធានីភ្នំពេញ បញ្ហាចម្បង ដែលយើង កំពុងព្រួយបារម្ភ នោះគឺយើងសំដៅទៅប្រជាពលរដ្ឋចំណាកស្រុក ជាបញ្ហាដែលយើងត្រូវ យកចិត្តទុកដាក់ ដែលប្រឈមខ្ពស់ទៅនឹងការចម្លងមេរោគអេដស៍ ពីបុគ្គលមួយទៅ បុគ្គលមួយ និងពីកន្លែងមួយទៅកន្លែងមួយទៀត។ ការចម្លង មេរោគអេដស៍ក្នុងចំណោម ក្រុមគោលដៅ ដែលជាស្រ្តីបម្រើការងារ នៅសេវាកម្សាន្ត ក្រុមបុរសស្រឡាញ់បុរស និងក្រុមអ្នកបំឡែងភេទជាដើម គឺមានអត្រាខ្ពស់លើការចម្លងមេរោគអេដស៍ ដែលគិតមកទល់ពេលនេះ យើងបានសម្រេចការធ្វើតេស្តឈាមទៅ លើមនុស្សជាង២៨០៧នាក់រួចមកហើយ។

លោកស្រី កែវ សុខពិសី បានលើកឡើងថា តាមរយៈ នៃកិច្ចប្រជុំនេះ លោកស្រីសូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមធ្វើតេស្តឈាមរកមេរោគអេដស៍ និងជំងឺអេដស៍ តាមរថយន្តចល័ត ក្ដី និងនៅមណ្ឌលសុខភាពក្ដីដោយស្ម័គ្រចិត្ត និងដោយរក្សាការសម្ងាត់ ក្នុងករណីសង្ស័យមានផ្ទុកមេរោគអេដស៍។

លោកស្រីអភិបាលរងរាជធានីភ្នំពេញ បានជំរុញឱ្យដាក់កម្មវិធីផ្សព្វផ្សាយនេះ ចូលជាមួយកម្មវិធី ភូមិ ឃុំ មានសុវត្ថិភាពផងដែរ។ តាមការសិក្សាស្តីពីការត្រួតពិនិត្យកម្មវិធី របរចិញ្ចឹមជីវិតនៃអ្នកផ្ទុកមេរោគអេដស៍ដោយបានរកឃើញថា ពួកគាត់ដែលចូលរួមកម្មវិធី បានផ្ដោតការយកចិត្ដទុកដាក់លើផ្នែកសេដ្ឋកិច្ចច្រើនជាងតម្រូវការផ្នែកវេជ្ជសាស្រ្ត ហើយ អាចជាគន្លឹះដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា ដែលបានប៉ាន់ប្រមាណថា មានចំនួន៧៤០០០ នាក់កំពុងរស់នៅជាមួយ នឹងមេរោគអេដស៍៕

ដោយ សួស សំរិត