គម្រោងសាកល្បង​អំពីបច្ចេកវិទ្យាថ្មី​សាងសង់កម្រាល​ និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក​ តាមបណ្តោយផ្លូវ​ ២ធ្នូ​ នៅតំបន់​ Pub Street សម្រេចបាន៥០ភាគរយហើយ

AKP សៀមរាប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​ — យោងតាមការចេញផ្សាយរបស់គេហទំព័រហ្វេប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានបង្ហាញថា គិតត្រឹម​ថ្ងៃសុក្រ​ ២រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០១៩​ ការអនុវត្តគម្រោងសាកល្បង​អំពីបច្ចេកវិទ្យាថ្មី​សាងសង់កម្រាល​ និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក​ តាមបណ្តោយផ្លូវ​ ២ធ្នូ​ នៅតំបន់​ Pub Street សម្រេចបាន៥០ភាគរយហើយ។តាមរយៈកិច្ចព្រមព្រៀងរវាង JICA និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត និង រដ្ឋបាលខេត្ត​សៀមរាប​ និងកិច្ចសហការជាមួយក្រុមហ៊ុន​ Omura Ceratec Co.,Ltd​ បាន​ និងកំពុងអនុវត្តន៍ការងារ​ក្រាលបេតុងជ្រាបទឹក​ (Pilot Project)​ ដើម្បីបង្ហាញអំពីបច្ចេកវិទ្យាថ្មី​ លើការសាងសង់កម្រាល​ និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក​ តាមបណ្តោយផ្លូវ​ ២ធ្នូ​ ប្រវែង​ ៩៣ម៉ែត្រ​ ពីចំណុចប្រសព្វ​ Pub Street ដល់មុខខ្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមមានកម្រាលផ្លូវ ចំណត និងចិញ្ចើមផ្លូវ​ ដែលគម្រោងនេះបានចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោងបញ្ចប់ទាំងស្រុង​ ១០០ភាគរយ ​ក្នុងខែមិថុនា ឆ្នាំ២០១៩​ ខាងមុខនេះ។

គម្រោងសាកល្បងនេះមានគោលបំណងរួមចំណែកការពារទឹកជំនន់ទឹកដក់លើផ្លូវ​និងចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជ្រាបទឹក (Permeable Interlocking Block Pavement) ជាបច្ចេកវិទ្យា​ និងស្តង់ដារជប៉ុន៕

ដោយ ឃុត សៅ