សម្ដេចតេជោ ហ៊ុន សែន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបម្រើដល់ការ ធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម ឆ្នាំ២០២៣

AKP កំពង់ស្ពឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​ស​ន៍​ថា​ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅ ខែមីនា​ឆ្នាំ​​២០២៣ខាងមុខនោះ នឹងបម្រើដល់ការធ្វើម្ចាស់ផ្ទះរបស់កម្ពុជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ ក្នុងការ​រៀ​​ប​​ចំ​​កីឡាស៊ីហ្គេម ក្នុងខែឧសភា ឆ្នាំ២០២៣។ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជាមួយ ឯកឧត្ដម Kong Xuanyou អនុរដ្ឋមន្ត្រី​ក្រ​សួ​ង​ការ​​បរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពីធីបើកការដ្ឋានសាងសង់​ផ្លូវល្បឿន​លឿ​នភ្នំពេញ-ក្រុងព្រះសីហនុ ដំបូងគេបំផុត និងជាប្រវត្តិ​សា​​​ស្ត្រ​ក្នុងប្រទេសកម្ពុជា ដែលមាន​តម្លៃ​ប្រមាណជិត ២.០០០លានដុល្លារសហរដ្ឋអាមេរិក ប្រវែងជាង ១៩០គីឡូម៉ែត្រ នាព្រឹកថ្ងៃ​សុ​ក្រ ២រោច ខែ​ផ​ល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នៅ​ស្រុ​កសំរោងទង ខេ​ត្ត​កំពង់ស្ពឺ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា  “ខ្ញុំសូមប្រកា​សជូន​ប្រ​ជា​ព​​ល​​រដ្ឋទូទាំងប្រទេសថា ស៊ីហ្គេម ឆ្នាំ២០២៣ នឹងត្រូវធ្វើក្នុងខែឧសភា ឆ្នាំ២០២៣។ ហេតុ​អ្វី​បា​ន​ជាស៊ីហ្គេមត្រូវធ្វើក្នុងខែឧសភាឆ្នាំ២០២៣ ដោយសារខែកក្កដា ឆ្នាំ២០២៣ គឺយើង​ត្រូវធ្វើ​ការ​​បោះឆ្នោត អីចឹងក្រោយការបោះឆ្នោតក្រែងមានបញ្ហានេះ​បញ្ហា​នោះ អីចឹង យើងធ្វើស៊ីហ្គេម ក្នុងខែឧសភា ឆ្នាំ២០២៣ ដើម្បីទុកពេលសម្រាប់​ការបោះឆ្នោត និងសម្រាប់ការរៀប​ចំរាជរដ្ឋា​ភិបា​លថ្មី ដើម្បីកុំឱ្យស្ទះការងារ”។ សម្ដេចតេជោបានបន្តថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះ​សី​ហ​​​នុ ក៏អាចបម្រើដល់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ព្រោះផ្លូវនេះ នឹងធ្វើរួច​រាល់​ក្នុង​ខែ​​មីនា ឆ្នាំ២០២៣។ ដូច្នេះប្រភេទកីឡាខ្លះ ដែលត្រូវ ប្រកួត​នៅតំបន់ឆ្នេរ ពិសេសខេត្ត​ព្រះ​សី​ហនុ ពួកគេអាចប្រើប្រាស់ផ្លូវល្បឿនលឿននេះបាន ដោយសារកីឡាមិនមែនប្រកួត​តែមួយ​ក​ន្លែ​ង​ទេ គឺមានប្រកួតច្រើនកន្លែង ជាក់ស្ដែងដូចជា​កីឡាទូកក្ដោងជាដើម។ល។ ទាក់ទិន​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿនមួយ​នេះ ​សម្តេច​តេជោចាត់ទុកថា ​ជាការ​ចាប់ផ្ដើម​ដំបូងរ​បស់​កម្ពុជា ​នៅ​ក្នុ​ង​​​ទម្រង់​មួយ​ដ៏​ធំ​ រវាង​រដ្ឋ​និង​ឯកជន ដែលជា ការ​វិនិយោគ​ទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​​ដ៏​ធំ​ដែ​ល​​មិន​ធ្លាប់​មាន​ពីមុន​នោះ ហើយ​​ដែល​វិនិយោគ​ដោយ​វិស័យ​ឯកជន​មកពី​សាធារណរដ្ឋ​ប្រ​ជា​មា​​និត​ចិន ​។

គម្រោង​វិនិ​យោគ​នេះ​ ក៏​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប៉ូល​សេដ្ឋកិច្ច​ទាំង​៣ គឺ​ភ្នំ​ពេញ​ ​ខេត្ត​ព្រះសីហនុ ​និង​សៀមរាប​ ហើយ​គ្រោង​នៅ​ភូមិភាគ​ឥសាន​ បន្ថែមទៀត​​។ សម្តេច​តេជោ​បញ្ជាក់ថា សមិទ្ធផលផ្លូវល្បឿន លឿនដ៏ស្រស់ស្អាត១ខ្សែនេះ អាចកើតមានឡើងបាន ដោ​យ​សារប្រទេសជាតិមានសុខ សន្តិភាពពេញលេញ និងកម្ពុជាមានទំនាក់ទំនង និងកិច្ចស​ហ​​ប្រតិបត្តិ​ល្អជាមួយមិត្តចិន។ សម្តេតេជោបន្តទៀតថា ផ្លូវល្បឿនលឿននេះ គឺជាបណ្តាញមួយ​តភ្ជា​ប់​​ផ្លូវទូទាំងប្រទេសរបស់ ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ច​ខាងត្បូង​រប​ស់ មហាអនុតំបន់ មេគង្គ អនុរបៀងសេដ្ឋកិច្ចខាងត្បូង និងរបៀងសេដ្ឋកិច្ច​ឆ្នេរខាង​ត្បូងក៏​ដូច​ជា តភ្ជាប់ផ្លូវហាយ វេអាស៊ាន ជាពិសេសតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំង៣ ដែលនឹ​ង​បម្រើ​ជាមជ្ឈមណ្ឌលទី​បណ្តុំនៃប្រជាជន ជាទីឆ្លងកាត់ព្រំដែនអន្តរជាតិ ជាកំពង់ផែ ជាព្រលាន​យន្ត​ហោះ តំបន់សេដ្ឋ​កិច្ចពិសេស ការដឹកជញ្ជូនទំនិញ អ្នកដំណើរបានលឿនឆាប់រហ័សប្រ​ក​ប​ដោយសុវត្ថិភាព និង​ប្រសិទ្ធភាព។ ទាក់ទងនឹងការសាងសង់ផ្លូវនេះ សម្ដេចតេជោនាយ​ករ​ដ្ឋ​មន្ត្រី បានបញ្ជាក់ជូន​បងប្អូនជនរួមជាតិថា សម្រាប់គម្រោងវិនិយោគផ្លូវល្បឿនលឿននេះ រាជ​រដ្ឋាភិបាលកម្ពុជា មិនបានខ្ចីលុយពីមិត្តចិនទេ គឺជាការវិនិយោគ​របស់ក្រុមហ៊ុនចិន​សុទ្ធ​សា​ធ តាមរូបភាពសាង សង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលមានរយៈពេលកុងត្រា៥០ឆ្នាំ ពោល​ក្រោ​​យផុតដំណាក់ កាលធ្វើអាជីវកម្មក្រុមហ៊ុន នឹងប្រគល់ផ្លូវមួយនេះឱ្យមកកម្ពុជាវិញ។​សម្តេ​ច​តេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា កម្ពុជានៅមានតម្រូវការធ្វើផ្លូវល្បឿនលឿនបន្ថែមទៀត ដូច​ជា​​ការតភ្ជាប់ទៅ​វៀតណាម ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង និងត្រូវតភ្ជាប់​ទៅប្រទេសថៃ​ផង​ដែរ។

ឯកឧត្ដម Kong Xuanyou អនុរដ្ឋមន្ត្រី​ក្រ​សួ​ង​ការ​​បរទេសនៃសាធារណ​រដ្ឋប្រជាមានិត ​ចិ​ន បានលើកឡើងថា ប្រទេសចិន និងបន្តឈរនូវជាមួយកម្ពុជា លើស្មារតីនៃការគោរពគ្នា ទៅវិញទៅមក និ​ងសម្រេចផលប្រយោជន៍រួម​ធ្វើឱ្យទំនុកចិត្តកាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហ ប្រតិប​ត្តិការនាំ​ផល​​ប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបានការរីកចម្រើននៃការអភិវឌ្ឍ រួមគ្នា។ ឯកឧត្តមបានបន្ដថា ភាគីចិន និង​បន្តការគោរពអធិបតេយ្យភាព និងឯករាជ្យភាព របស់កម្ពុជា ហើយគាំទ្រកម្ពុជា ដើរ​លើមា​គ៌ា​អភិវឌ្ឍន៍ ដែលសមស្របទៅ និងស្ថានភាព ជាក់ស្ដែងរបស់ប្រទេសខ្លួនឯង សម្រាប់​ការអភិវ​ឌ្ឍ​សេដ្ឋកិច្ច និងកែលម្អស្ថានភាពរស់នៅ របស់ប្រជាជនកម្ពុជា។​ ទន្ទឹមនេះ យើងមិនត្រឹម តែផ្ដល់ជំនួយ​សា​ងសង់ ផ្លូវស្ពាន និង អាកាសយានដ្ឋាននោះទេ និងបន្ថែមការជីកអណ្ដូងទឹកប្រើប្រាស់ ការ​សា​ង​សង់សាលារៀន ផ្ដល់សេវាព្យាបាលសម្បុរសធម៌តាមជនបទ ដើម្បីធ្វើឱ្យប្រជាពល​រដ្ឋ​ក​ម្ពុ​​ជាទទួលបានអត្ថ ប្រយោជន៍ផ្ទាល់ និងពិតៗតែម្ដង។ ឯកឧត្ដមបន្តទៀតថា ប្រទេសកម្ពុជាបន្ត​រក្សា​ល្បឿនកំ ណើន​សេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយ អស់រយៈពេលជាច្រើនឆ្នាំហើយ និងត្រូវបាន​ប្រសិទ្ធ​នា​ម​​ថា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។ ឯកឧត្តមជឿជាក់ថា ដ៏រាបណាកម្ពុជារក្សាបាននូវសន្ទុះ​អភិវឌ្ឍន៍​ដូ​ច​បច្ចុប្បន្ននេះ គោលដៅដែលសម្ដេចតេជោបានលើកឡើងក្នុងការប្រែក្លាយកម្ពុជា ជាប្រទេ​ស​ដែលមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូល ខ្ពស់នៅ ឆ្នាំ២០៥០ ច្បាស់ជាអាចសម្រេចបានជាក់ជាមិនខាន៕

ដោយ ជឹម ណារី