មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបង្ហើបថា ទំនិញរបស់កម្ពុជាអាចនាំចេញ ទៅកាន់ទីផ្សារចំនួន៥ប្រទេសបន្ថែមទៀត ក្រោមភាពអនុគ្រោះពន្ធ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​ — មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបង្ហើបថា ទំនិញរបស់កម្ពុជាអាចនាំចេញទៅកាន់ ទីផ្សារចំនួន៥ប្រទេសបន្ថែមទៀតក្រោមភាពអនុគ្រោះពន្ធ។ ការរំពឹងនេះ ធ្វើឡើងស្របពេល ទីផ្សារសហភាពអឺរ៉ុប(EU)គម្រាមដកភាពអនុគ្រោះពន្ធរាល់មុខទំនិញនាំចេញពីកម្ពុជា ដែល គ្រោងអនុវត្តន៍នៅឆ្នាំក្រោយ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយភាពអនុគ្រោះពន្ធលើមុខទំនិញ ដែលកម្ពុជា ទទួលបានពីសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) នៅថ្ងៃទី២១ ខែមីនានេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាអាចនាំទំនិញដូចជា៖ វត្ថុធាតុដើមវាយនភណ្ឌ សម្លៀកបំពាក់ ខ្សែក្រវាត់ កប្បាស អង្ករកិនហើយទាំងស្រុង ឬពាក់កណ្តាលចុងអង្ករ ភួយ កម្រាលធ្វើពីកប្បាស កន្សែងគ្របស្មា ស្បៃគ្របក្បាល ស្បៃបាំងមុខ កាសស្តាប់ និងម៉ាស៊ីនបោកគក់ ជាដើម ទៅកាន់ទីផ្សារនៃប្រទេស ជាសមាជិក សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ចំនួន៥ប្រទេស គឺសហព័ន្ធរុស្ស៊ី សាធារណរដ្ឋបេឡារុស សាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋអាមេនី និងសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។

ជាមួយគ្នានេះ កម្ពុជាក៏អាចទទួលការនាំចូលពីប្រទេសទាំងនោះវិញមានដូចជា៖ កង់ យានយន្តគ្រប់ប្រភេទ គ្រឿងបង្គុំអគ្គិសនី កាមេរ៉ា គ្រឿងចក្រ គ្រឿងម៉ាស៊ីនកសិកម្ម ក្រណាត់បោសធូលី និងក្រណាត់ជូតសម្អាត ជី សម្ភារផ្សព្វផ្សាយពាណិជ្ជកម្ម និងគ្រឿងបង្គុំ នៃអាកាសយាន ឬឧទ្ធម្ភាគចក្រ ជាដើម។

ទោះជាយ៉ាងនេះក្តី លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា កម្ពុជាគួរពង្រឹងការនាំចេញទៅកាន់ទីផ្សារចាស់ដែលមានស្រាប់ដូចជា៖ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េ និងបណ្តាប្រទេសក្នុងតំបន់ អាស៊ានឱ្យ កាន់តែទូលំទូលាយ ទន្ទឹមនឹងការពង្រីកទៅកាន់ទីផ្សារនាំចេញថ្មីៗទៀត។ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសពីការបើក ដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ឈានទៅរកការព្យួរប្រព័ន្ធអនុគ្រោះពន្ធគ្រប់ មុខទំនិញទាំងអស់ លើកលែងគ្រឿង សព្វាវុធ(EBA)ពីកម្ពុជា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាមិនមាន ការវិលត្រឡប់ទៅ រកភាពល្អប្រសើរគ្រប់គ្រាន់ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ទោះជាបែបនេះក្តី ថ្លែងបញ្ជាក់នៅចំពោះមុខ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ កាលពីល្ងាចថ្ងៃទី២០ ខែមីនា លោកស្រី Paola Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់សហភាពអឺរ៉ុប បានបញ្ជាក់ពីជំហរជួយធ្វើការតស៊ូមតិក្នុងការរក្សាស្ថានភាពរបប អនុគ្រោះពន្ធ(EBA) មិនឱ្យបាត់បង់ពីកម្ពុជាឡើយ និងបង្កើនភាពជាដៃគូឱ្យខ្លាំងក្លាបន្ថែម ទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តនូវអ្វីដូចដែលសហភាពអឺរ៉ុប បានជួយកម្ពុជាក្នុង រយៈពេល២៥ឆ្នាំកន្លងមកនេះ ឱ្យមានការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជា ពលរដ្ឋ៕

ដោយ ងិន សុផល