អាជ្ញាធរព្រះវិហារមាន​ការព្រួយបារម្ភខ្លំាង​ចំពោះ​បញ្ហាភ្លើងឆេះព្រៃ នៅក្នុងតំបន់រមណីយដ្ឋានព្រះវិហារ និងប្រាសាទកោះកែរ

AKP សៀមរាប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានប្រាប់អ្នកព័ត៌មាននៅ ក្រោយពិធីបើកកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារហៅកាត់ថា អាយស៊ីស៊ី ព្រះវិហារ (ICC-Preah Vihea) នៅខេត្តសៀមរាប ​នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៩នេះថា នៅកិច្ចប្រជុំពេញអង្គលើកទី៥របស់អាយស៊ីស៊ីព្រះវិហារនេះ គឺធ្វើឡើងដើម្បីត្រួតពិនិត្យ លើកិច្ចការអភិក្ស ការជួសជុល និងការអភិវឌ្ឍនៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទ កោះកែរ និងពិភាក្សាជាមួយអ្នកជំនាញជាតិ អន្តរជាតិ​ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមាននៅក្នុងរមណីយដ្ឋានទាំងពីរនេះ។ ឯកឧត្តមបាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​រមណីយដ្ឋានព្រះវិហារ និងប្រាសាទកោះកែរ គឺមាន​បញ្ហាប្រឈមមួយចំនួនដែលចំាបាច់ត្រូវតែរួមគ្នាដោះស្រាយ​ដូចជា ប្រាសាទធំនៅ តំបន់កោះកែរគឺកំពុងតែមាន​ការទ្រុឌទ្រោមខ្លាំងដែលត្រូវការជួសជុល​បន្ទាន់ បញ្ហាភ្លើង ឆេះព្រៃកំពុងតែគំរាមកំហែងខ្លាំងដល់រមណីយដ្ឋានទាំងពីរ។ ក្រៅពីភ្លើងឆេះព្រៃនេះ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកែរក៏កំពុងតែប្រឈមការចូលកាប់ព្រៃទន្ទ្រានយកដីព្រៃធ្វើកម្មសិទ្ធិក៏មាន​កើតឡើងខ្លាំងគួរឱ្យព្រួយបារម្ភដែរ។

ឯកឧត្តមបានបន្តថា អាជ្ញាធរព្រះវិហារនៅតែបន្តខិតខំការពារទប់ស្កាត់ ចំពោះ បញ្ហាភ្លើងឆេះព្រៃ និង​ការចូលកាប់ព្រៃទន្ទ្រានយកដីព្រៃនៅក្នុងតំបន់បេតិកភណ្ឌនេះ ហើយ ឯក​ឧត្តម​ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហានេះឱ្យបាន​ ជាពិសេស អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមាន​ការយល់ដឹង និងបញ្ឈប់សកម្ម ភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌ ព្រោះបញ្ហាភ្លើងឆេះព្រៃ ការកាប់ព្រៃ ទន្ទា្រន យកដី ភាគច្រើនគឺកើតឡើងមកពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមាន​ប្រសាសន៍ថា ការងារអភិរក្ស និង​អភិវឌ្ឍន៍នៅតំបន់បេតិកភណ្ឌនេះ គឺមាន​សារៈសំខាន់ ណាស់។ លោកជំទាវបាន​ថ្លែងអំណរ គុណចំពោះប្រទេសជាម្ចាស់ជំនួយទាំងអស់ ដែលកន្លង មកបានជួយលើកការងារអភិរក្ស និង​អភិវឌ្ឍន៍នៅតំបន់បេតិកភណ្ឌ ទាំងការផ្តល់បច្ចេកទេស និងថវិកា។ លោកជំទាវ​រដ្ឋ​មន្រ្តីបាន​ស្នើឱ្យប្រទេសម្ចាស់ជំនួយ និងអ្នកជំនាញការអន្តរជាតិបន្ត ជួយលើកការងារអភិរក្សនេះបន្តទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី៥ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារហៅកាត់ថា អាយស៊ីស៊ី ព្រះវិហារ (ICC-Preah Vihea)ពេលនេះ បានដំណើរទៅដោយមាន​សហប្រធាន ប្រទេស ឥណ្ឌា និងប្រទេសចិន និងមាន​ការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំង៦ប្រទេស គឺប្រទេសជប៉ុន បារាំង បែលហ្ស៊ិក សហរដ្ឋអាមេរិក ថៃ និងកូរ៉េខាងត្បូង រួមជាមួយអ្នកជំនាញ ការជាតិ និងអន្តរជាតិជាច្រើននាក់៕

ដោយ ឃុត សៅ