រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចង់ឃើញស្ថាប័នអនុវត្តន៍ច្បាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន មានភាពស្មោះត្រង់នឹងវិជ្ជាជីវៈ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ — ស្របពេលដែលសកម្មភាពបង្រ្កាបការជួញដូរ ផលិត ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ត្រូវបានគេមើលឃើញថា បាននិងកំពុងធ្វើឡើងយ៉ាងសកម្មនោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ប្រកាសចង់ឱ្យស្ថាប័ន ដែលអនុវត្តន៍ការងារនេះ គឺត្រូវមានភាពស្មោះត្រង់និងវិជ្ជាជីវៈពិត​ប្រាកដ ដើម្បីធ្វើយ៉ាងណាឱ្យការងារអនុវត្តន៍ ច្បាប់លើបញ្ហាគ្រឿងញៀននេះ​កាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់។ ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃនេះ គឺធ្វើឡើងក្នុងឱកាសចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធ ផល​ការ ងារ​ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នាទីស្តីការ ក្រសួង មហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា “ដើម្បីធ្វើការងារនេះបាន(ការងារ បង្រ្កាបគ្រឿងញៀន) អង្គភាពដែលមានសមត្ថកិច្ចរឿងនេះ គឺត្រូវធ្វើប្រកបដោយភាពស្មោះ ត្រង់ និងវិជ្ជាជីវៈ។ ស្មោះត្រង់នឹងផលប្រយោជន៍សង្គមជាតិយើង រាប់តាំងពីថ្នាក់ជាតិរហូត ដល់ថ្នាក់ក្រោមជាតិ។” សម្តេចក្រឡាហោមបានបន្តថា នេះគឺជារឿងចាំបាច់ណាស់ចំពោះ ការបង្រ្កាប ការចែកចាយគ្រឿងញៀននៅតាមទីប្រជុំជន រាជធានី និងទីក្រុងធំៗ ដែលការ ងារនេះ គឺត្រូវតែបន្តធ្វើឱ្យបានដាច់ខាត។

សម្តេចក្រឡាហោម ក៏បានដាក់បទបញ្ជាឱ្យមាន​ការយកចិត្តទុកដាក់លើទីតាំងកាស៊ីណូ និងកន្លែងក្លិបកម្សាន្តនានាដែលកំពុងមានសព្វថ្ងៃនេះ ដោយក្នុងនោះគឺត្រូវតែជាគោលដៅគ្រប់គ្រង និងក្តោបឱ្យបានជាប់ ទោះបីតិច ឬច្រើនគឺមាន ហើយតិចក៏បង្រ្កាប ច្រើនក៏បង្រ្កាបផងដែរ៕

ដោយ ចាន់ សុធីវង្ស