រាជរដ្ឋាភិបាល ស្នើឲ្យចិនពន្លឿនការទិញអង្ករពីកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖

មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យចិនពន្លឿនការទិញអង្ករពីកម្ពុជា តាមការឯកភាពរបស់ថ្នាក់ដឹកនាំទាំងពីរ ដោយកំណត់ទិញអង្ករពីកម្ពុជា៤០ម៉ឺនតោននៅក្នុងឆ្នាំ២០១៩នេះ ។


ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គង់ ស៊ន់យូ Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេសចិន នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទីថ្ងៃទី២១ មីនា ឯកឧត្តម ហោណាំហុង ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ឯកឧត្ដម ស៊ីជីន ពីង ប្រធានាធិបតីនៃសាធារណៈប្រជាមានិតចិន បានជួបភិក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជានាពេលកន្លងមក បានសន្យាទិញអង្ករពីកម្ពុជាក្នុងឆ្នាំ២០១៩នេះ ចំនួន៤០ម៉ឺនតោន ។
ដោយមានការសន្យាទិញអង្ករពីកម្ពុជានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានស្នើឲ្យរដ្ឋាភិបាលចិនធ្វើយ៉ាងជួយពន្លឿនការទិញអង្ករពីរកម្ពុជាឲ្យបានគ្រប់ចំនួនក្នុងឆ្នាំ២០១៩នេះ ដើម្បីជួយលើកកម្ពស់ជីវភាពកសិករកម្ពុជា ។
ទន្ទឹមនឹងនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យចិនជួយទិញកសិផលពីកម្ពុជាបន្ថែមទៀត ដូចជា ម្រិច ស្វាយ តាង៉ែនផងដែរ។
ជាការឆ្លើយតប ឯកឧត្តម គង់ ស៊ន់យូ Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេសចិន នឹងខិតខំពន្លឿនការទិញអង្ករពីរកម្ពុជា ជាពិសេស បានសន្យានឹងទិញកសិផលពីរកសិករកម្ពុជាឲ្យបានច្រើនបន្ថែមទៀត។
ឯកឧត្តម ហោណាំហុង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយប្រទេសកម្ពុជាលើគ្រប់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងធនធានមនុស្សជាដើម៕